តាមរយៈទំព័រហ្វេសប៊ុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា ចាត់ទុកដ្រូននស៊ើបការណ៍របស់យោធាថៃដែលហោះឈ្លានពានដែនអាកាស ហើយធ្លាក់ក្នុងដីកម្ពុជា ថាជា"សត្វកុកជាប់ជុង" និងថាពលរដ្ឋខ្មែរភាគច្រើនចង់ឃេីញ"សត្វឥន្ទ្រីភ្លេចខ្លួនក៏ជាប់ជុង"ដែរ។ លោក មិនបានបញ្ជាក់ថា "ឥន្ទ្រីភ្លេចខ្លួនជាប់ជុងនោះ" ជាយុទ្ធោបករណ៍អ្វីមួយរបស់យោធាថៃឈ្លានពាននោះទេ ប៉ុន្តែអ្វីដែលពលរដ្ឋកម្ពុជាលើកឡើងលើបណ្ដាញសង្គមគឺចង់ឲ្យយន្តហោះចម្បាំងរបស់យោធាថៃដែលទម្លាក់គ្រាប់បែកឥតឈប់ឈរក្នុងដែនដីកម្ពុជាធ្លាក់អន្តរាយ។
មេស៊ីម៉ាក់ សរសេរលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃអាទិត្យដូច្នេះ ÷" សត្វកុកជាប់ជុងមួយទៀតកាលពីថ្ងៃទី២០ ប៉ុន្តែទេីបប្រមូលសាកសពដ្រូននេះបាននៅថ្ងៃទី២១ ខែធ្នូនេះ! ប្រជាជនកម្ពុជាភាគច្រេីនពិតជាចង់ឃេីញសត្វឥន្ទ្រីភ្លេចខ្លួនក៏ជាប់ជុងដែរ!"។
សូមរំលឹកថា អាកាសយាន្តគ្មានមនុស្សបើកឬដ្រូនប្រភេទDP-20 (D-eyes 04) របស់ថៃ ត្រូវបានបាញ់ទម្លាក់ដោយកងទ័ពកម្ពុជា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី១៨ ខែធ្នូ កន្លងទៅ។ បន្ទាប់មកនៅរាត្រីថ្ងៃទី២០ ខែធ្នូ ដ្រូនខ្នាតធំមួយគ្រឿងទៀតរបស់យោធាថៃឈ្លានពានបានធ្លាក់នៅក្នុងភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។







Post a Comment