អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា លើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលថៃ ព្យាយាមបញ្ឆេះឱ្យកាន់តែខ្លាំងក្នុងពេលនេះ មិនមែនត្រឹមតែដើម្បីស្ដារឥទ្ធិពលកងទ័ពថៃ ទេ ប៉ុន្តែក៏ដើម្បីអនាគតមេបញ្ជាការភូមិភាគ២ របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ក្រោយពេលចូលនិវត្តន៍ដែរ។
លោក ខៀវ កាញារីទ្ធ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៨ សីហា នេះថា លោកធ្លាប់បានវិភាគម្តងរួចមកហើយថា ថៃ បានប្រើសង្គ្រាមព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីស្ដារឥទ្ធិពលកងទ័ពរបស់ខ្លួនដែលធ្លាក់ចុះ ព្រោះព្រះមហាក្សត្រថៃ បច្ចុប្បន្ន គឺជាយោធាអាជីព ហើយកាលមិនទាន់ឡើងសោយរាជ្យ ព្រះអង្គក៏ត្រូវប្រជាជនថៃ រិះគន់យ៉ាងច្រើនដែរ ហេតុនេះព្រះអង្គត្រូវបង្ហាញរូបភាពថ្មីដើម្បីទាក់ទាញសមានចិត្តពលរដ្ឋថៃ ឡើងវិញ។
លោកថា បច្ចុប្បន្ននេះ អ្នកនៅជុំវិញព្រះមហាក្សត្រថៃ សុទ្ធតែត្រូវបំពាក់ស័ក្តិចូលជាយោធាទាំងអស់ ដែលជាជំហានមួយមិនមែនគ្រាន់តែបង្ហាញថា ព្រះមហាក្សត្រជាមេលើកងទ័ពទាំងនោះទេ ប៉ុន្តែគឺបង្ហាញថាព្រះអង្គ និងកងទ័ពថៃ គឺតែមួយ។
អតីតមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនេះ លើកឡើងថា នៅពេលដែលលោក ប៊ុនស៊ីន ផាតក្លាង ចូលនិវត្តន៍ គាត់មានសង្ឃឹមតិចណាស់ក្នុងការទទួលបានតំណែងជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថៃ ដូច្នេះទិសដៅធំបំផុតរបស់គាត់ គឺការចាប់តំណែងក្នុងឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ សម្រាប់អនាគតទៅមុខ។
លោកបន្តថា ក្នុងតំណែងនេះ លោក ប៊ុនស៊ីន ផាតក្លាង មានសង្ឃឹមច្រើន បើគាត់ប្រឹងបញ្ចេញចង្កូមបង្កជម្លោះជាមួយប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំង ព្រោះសមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ បច្ចុប្បន្ន សុទ្ធតែមន្ត្រីចាស់ៗ ហើយជ្រើសរើសដោយព្រះមហាក្សត្រមុន មិនទាន់មានអ្នកណាមួយជ្រើសរើសដោយមហាក្សត្របច្ចុប្បន្ននេះទេ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ការឈោងចាប់តំណែងសមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ គឺជាក្តីសង្ឃឹមតែមួយគត់របស់លោក ប៊ុនស៊ីន ផាតក្លាង ដូច្នេះពលរដ្ឋខ្មែរមិនគួរបង្ហោះរូបភាព ឬនិយាយអ្វីប៉ះពាល់ដល់ព្រះមហាក្សត្រថៃ ឡើយ ព្រោះថៃ ក៏មិនប៉ះពាល់មកលើមហាក្សត្រខ្មែរដែរ។
លោកគូសបញ្ជាក់ថា ការមិនធ្វើឱ្យប៉ះពាល់ដល់មហាក្សត្រថៃ ក៏ជាវិធីសាស្ត្រកុំឱ្យធ្លាក់ចូលអន្ទាក់ជំរុញឱ្យស្ថាប័នកំពូលថៃ ឈានដល់កម្រិតដាច់ខាតជាមួយប្រទេសកម្ពុជា ដែរ ដែលមេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន តែងតែរំលឹកថា កុំបិទផ្លូវឈាមនោះ។
សារព័ត៌មាន ខៅស៊ុត (Khaosod) របស់ថៃ បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ របស់ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) កាលពីថ្ងៃទី១០ ខែសីហា ថា នៅសល់តែ ៥១ថ្ងៃទៀតប៉ុណ្ណោះ រូបលោកនឹងចូលនិវត្តន៍ហើយ ដូច្នេះមានន័យថា អាជីពរបស់លោកនឹងផុតកំណត់នៅដើមខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
យ៉ាងណាមិញ មេបញ្ជាការយោធភូមិភាគ២ របស់ថៃ រូបនេះ បញ្ជាក់ថា មុននឹងចូលនិវត្តន៍ រយៈពេល ១ខែ ២១ថ្ងៃនេះ លោកប្ដេជ្ញាថានឹងទាមទារយកប្រាសាទតាក្របី មកគ្រប់គ្រងដោយកងទ័ពថៃ វិញឱ្យបាន ហើយនឹងបិទប្រាសាទតាមាន់ធំ ឱ្យបានថែមទៀត៕









Post a Comment