លោកស្រី Rajyalaxmi Chitrakar ភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Jhalanath Khanal បានទទួលមរណភាពកាលពីម្សិលមិញ បន្ទាប់ពីផ្ទះឯកជនរបស់គ្រួសារនៅតំបន់ Dallu រដ្ឋធានីកដ្ឋមណ្ឌូ ត្រូវបានក្រុមបាតុករដុតបំផ្លាញ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ លោកស្រី Rajyalaxmi Chitrakar បានជាប់នៅក្នុងផ្ទះ ហើយរងរបួសធ្ងន់ធ្ងរដោយសារភ្លើងឆេះ ទោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Kirtipur Burns Hospital នៅតែមិនអាចជួយ សង្គ្រោះជីវិតបាន។
ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅប្រទេសនេប៉ាល់នៅថ្ងៃទី ៨ ខែកញ្ញា ដោយមានបាតុកររាប់ម៉ឺននាក់បាននាំគ្នាចុះតាមដងផ្លូវនៅរដ្ឋធានីកដ្ឋមណ្ឌូ ដើម្បីបង្ហាញកំហឹងចំពោះការដាក់កម្រាមហាមឃាត់បណ្តាញសង្គមដូចជា Facebook, X, YouTube, និង Instagram ដោយរដ្ឋាភិបាលនេប៉ាល់ ដោយហេតុថាក្រុមហ៊ុនទាំងនេះមិនបានចុះឈ្មោះ និងគោរពតាមការត្រួតពិនិត្យរបស់អាជ្ញាធរ។
ក្រុមបាតុករបានអះអាង ពួកគេខកចិត្តនឹងអំពើពុក រលួយ និងការបង្ហាញទ្រព្យសម្បត្តិហួសហេតុរបស់មន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសាររបស់ពួកគេ។ ក្រុមបាតុករបានប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ និងបានដុតបំផ្លាញផ្ទះរបស់ថ្នាក់ដឹកនាំនេប៉ាល់ និងទីស្នាក់ការរបស់រដ្ឋាភិបាល ដែលបណ្តាលឱ្យមនុស្សជាង ២០ នាក់ស្លាប់ និងជាង ៣០០ នាក់រងរបួស។ ទោះបីជារដ្ឋាភិបាលបានលុបចោលការហាមឃាត់បណ្តាញសង្គម ហើយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli បានលាលែងពីតំណែងក៏ដោយ ខណៈកងទ័ពនេប៉ាល់នៅថ្ងៃទី ១០ ខែកញ្ញា បានដាក់ពង្រាយទាហានទូទាំងប្រទេស ដើម្បីស្តារសន្តិសុខ និងសណ្តាប់ធ្នាប់ឡើងវិញ៕









Post a Comment