កណ្តាល៖ ស្រាសស្រាថ្នាំញ៉ាំបន្តិចបន្តួចដើម្បីបាយឆ្ងាញ់ តែលោកប្តី ដាក់ទាល់តែស្រវឹងចរឹកខឹង មួម៉ៅស្រែកជេរបញ្ចោរប្រពន្ធកូន វាយបំផ្លាញធ្វើអោយខូចខាតដោយចេតនាហឹង្សាលើប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដែលករណីខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៧និង៤០នាទីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥នៅចំណុច ភូមិកំពង់សំណាញ់(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៏ត្រី បាំង មិនា នាយប៉ុស្តិ៍នគរបាលរដ្ធបាលកំពង់សំណាញ់បានប្រាប់អោយដឹងថា÷ ស្ត្រីជនរងគ្រោះមាន ឈ្មោះ ប៉ូ ចាន់ធឿន អាយុ៤៣ឆ្នាំជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) មុខរបរ លក់ដូរ , ចំនែកជនសង្ស័យមានឈ្មោះ ជិន សារិត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្តី)មុខរបរលក់ដូរ ដោយអ្នកទាំងពីរមានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ។ វត្ថុតាងចាប់យក៖ ដែកជ្រុងប្រវែង១,៣៥ ស.ម ។
សម្ភារ:បាត់បង់ : បែកទ្វារកញ្ចក់មួយផ្ទាំង។
តាមការបំភ្លឺពីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ÷ កន្លងមកជនសង្ស័យ(ប្តី) អោយតែផឹកស្រាស្រវឹងមកដល់ផ្ទះតែងតែជេរបញ្ចោរ រករឿងប្រពន្ធកូនជាញឹកញាប់តែប្រពន្ធមិនដែលតប ត នោះទេ។លុះនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងមិនដឹងបើកម៉ូតូសណ្តោងរ៉ឺម៉កមកពីណា មកដល់ផ្ទះ បានស្រែកឲ្យបើកទ្វាររបងផ្ទះ លឺដូចនោះកូនក៏បានទៅបើកទ្វារឲ្យតែទំរាំបើកទ្វាររួច រាងយូបន្តិចធ្វើឲ្យជនសង្ស័យខឹងម៉ួរម៉ៅស្រែកជេរកូនថែមទាំងបើកម៉ូតូរ៉ឺម៉កទៅបុកទ្វាររោងដាក់រថយន្ត បន្ទាប់មកបន្តមកធាក់ទ្វារកញ្ចក់ផ្ទះបណ្តាលអោយបែកមួយផ្ទាំង រួចជនសង្ស័យបានចាប់ទាញដែកជ្រុងប្រវែង១,៣៥សង់ទីម៉ែត្រមកវាយជនរងគ្រោះជាប្រពន្ធ តែត្រូវបានម្តាយចាប់ឃាត់ទាន់ ម្លេះនឹងមានគ្រោះថ្នាក់ធំដល់ប្រពន្ធមិនខាន។
ដោយអស់ការស៊ូទ្រាំនឹងទង្វើរបស់ជនសង្ស័យជាប្តី ស្ទើរាល់ថ្ងៃលែងបាន ស្ត្រីរងគ្រោះជាប្រពន្ធ ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់កំពង់សំណាញ់អោយជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យរួមទាំងបត្ថុតាងយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនពិតជាបាន ធ្វើសកម្មភាពធាក់ទ្វារកញ្ចក់ផ្ទះបណ្តាលឲ្យបែកអស់១ផ្ទាំង និងបំរុងវាយប្រពន្ធដោយដែកជ្រុងពឹតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕












Post a Comment