កងទ័ពថៃនៅតាមបណ្តោយព្រំដែនភាគខាងលិចកំពុងដាក់ពង្រាយនិងស្ថិតក្នុងកម្រិតប្រុងជើងការខ្ពស់ បន្ទាប់ពីការប្រយុទ្ធគ្នានៅប្រទេសមីយ៉ាន់ម៉ា កាន់តែរាលដាលមកកៀកទៅៗ។
តាមការផ្សាយរបស់ AEC News កាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ ការប្រយុទ្ធគ្នារវាងកងកម្លាំងមីយ៉ាន់ម៉ានិងកងទ័ពប្រឆាំងដោយមានប្រើអាវុធធុនធ្ងន់ផងនោះ បានរាលដាល់មកនៅត្រឹមចម្ងាយ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនថៃនៅឃុំ Mae Tao នៃស្រុក Mae Sot ខេត្ត Tak។
ដោយមើលឃើញស្ថានការណ៍កាន់តែមិនស្រួល ថៃ បានដាក់ពង្រាយកងកម្លាំងមកពីអង្គភាព Rajamanu, កងកម្លាំង Naresuan, កងវរសេនាធំថ្មើរជើងលេខ៣៥ និងនគរបាលល្បាតព្រំដែនទី៣៤ នៅតាមស្រុក Mae Sot, Umphang, Phop Phra, Tha Song Yang និង Mae Ramat ក្នុងខេត្ត Tak។
ដោយស្ថិតក្នុងកម្រិតប្រុងជើងការខ្ពស់ ភូមិភាគ៣របស់ថៃ ក៏បង្កើនការល្បាតនិងត្រួតពិនិត្យស្ថានភាពនៅតាមបណ្តោយព្រំដែនផងដែរ ហើយឈរជើង២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមខ្លួនដើស្រាយបញ្ហា។
សូមជម្រាបថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីគ្រប់គ្រងផ្លូវ Myawaddy-Walay នៃរដ្ឋ Karen នៅព្រំដែនថៃ-មីយ៉ាន់ម៉ា។ សកម្មប្រយុទ្ធ៣ក្រុម ដែលមានកម្លាំងប្រមាណ៣០០នាក់ កំពុងស្ថិតនៅភាគខាងត្បូងនៃទីក្រុង Myawaddy។
ការប្រយុទ្ធគ្នានេះផ្ទុះឡើងតាំងពីដើមសប្តាហ៍មក ហើយស្ថានការណ៍នៅតែធ្ងន់ធ្ងរ ឈានដល់ការប្រើអាវុធធុនធ្ងន់ ដែលបង្កហានិភ័យរាលដាលចូលដីថៃ៕





Post a Comment