(ភ្នំពេញ)៖ បុគ្គលិកបម្រើការងារនៅហាងបញ្ចាំឈ្មោះ S.R នៅសាខាកំបូលចំនួន៥នាក់ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ឱ្យពួកគេបានឈប់ពីការងារ បន្ទាប់ពីថៅកែរារាំងមិនឱ្យឈប់ការងារ ដោយតម្រូវឱ្យពួកគេដើរប្រមូលដែលហាងបញ្ចាំនេះ លួចផ្តល់កម្ចីដោយខុសច្បាប់ឱ្យអស់ជាមុនសិន។
បុគ្គលិកទាំង៥នាក់ ដែលបានសុំលាឈប់ពីការងារតែថៅកែរារាំងមិនឱ្យឈប់នេះ រួមមាន៖ ១) ឈ្មោះ ឈិត កុសល មានតួនាទីជានាយកសាខា, ២) ឈ្មោះ ជា វីន មានតួនាទីជាមន្ត្រីឥណទាន, ៣) ឈ្មោះ កប សុធា មានតួនាទីជាមន្ត្រីឥណទាន, ៤) ឈ្មោះ ងឹម ឆៃលី មានតួនាទីជាមន្ត្រីឥណទាន និងទី៥) ឈ្មោះ ចាន់ ពន្លឺ មានតួនាទីជាមន្ត្រីឥណទាន។
បុគ្គលិកទាំង៥រូប បានដាក់ពាក្យលាឈប់ពីការងារកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ ប៉ុន្តែគេមិនចុះហត្ថលេខាលើពាក្យលាឈប់នោះឡើយ ហើយបានបោះសម្តីគំរាមកំហែងផ្សេងៗលើពួកគេថែមទៀត។
លោក ឈិត កុសល បានប្រាប់សារព័ត៌មាន នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះថា រូបលោក បានមកបំពេញនៅហាងបញ្ចាំ S.R កាលពីដើមឆ្នាំ២០២៥។ លោក ឈិត កុសល បានឱ្យដឹងថា ដ្បិតតែពួកគេធ្វើការងារនៅហាងបញ្ចាំ តែបានធ្វើការងារផ្តល់កម្ចីប្រាក់។
ក្នុងកិច្ចសន្យាផ្តល់កម្ចី បានរំលេចឈ្មោះម្ចាស់លុយផ្តល់កម្ចីមានឈ្មោះថា អ៉ឹម ច័ន្ទដារ៉ា ដែលជាម្ចាស់ទីតាំងហាងបញ្ចាំ S.R ផងដែរ។ លោក អ៉ឹម ច័ន្ទដារ៉ា ជាមន្ត្រីយោធាផងដែរ។
លោក ឈិត កុសល បានបញ្ជាក់ថា មូលហេតុដែលរូបគេ និងបុគ្គលិក៤នាក់ផ្សេងទៀត ស្នើសុំលាឈប់ពីការងារនេះ ព្រោះតែកន្លែងការងាររបស់ពួកគេជាកន្លែងផ្តល់កម្ចីខុសច្បាប់ធ្វើឱ្យពួកគេបារម្ភពីការប្រឈមចំពោះមុខច្បាប់នានា។ ជាពិសេសនៅពេលថ្មីៗនេះ កន្លែងការងាររបស់ពួកគេគ្រោងនឹងធ្វើកិច្ចសន្យាថ្មី ដែលតម្រូវឱ្យពួកគេទទួលខុសត្រូវចំពោះកម្ចីដែលខូច ពោលកម្ចីដែលអ្នកខ្ចីមិនសងត្រឡប់មកវិញ។
លោក ឈិត កុសល បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ឱ្យពួកគេបានឈប់ពីការងារនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈិត កុសល ធ្លាប់បានទៅរាយការណ៍ជូននគរបាលខណ្ឌកំបូលផងដែរ តែនគរបាលខណ្ឌមិនទាន់មានដំណោះស្រាយជូនពួកគេនៅឡើយនោះទេ៕ប្រភព៖Fresh News












Post a Comment