(រតនៈគិរី)៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនៈគិរី ត្រូវបានប្រភពរាយការណ៍ថា បានចាប់ផ្តើមបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ តទៅ ដោយហាក់មិនមានការភ័យខ្លាចចំពោះវិធានការរដ្ឋបាល ឬការណែនាំរបស់អាជ្ញាធរខេត្តនោះឡើយ។
ប្រភពបានប្រាប់អង្គភាព សារព័ត៌មានរាល់ថ្ងៃ ថា ទីតាំងល្បែងខាងលើនេះ ត្រូវបានរៀបចំ និងដំណើរការដោយបុគ្គលមួយចំនួន ក្នុងនោះមានឧកញ៉ាម្នាក់ឈ្មោះ ឡេង សំណាង រួមជាមួយដៃគូម្នាក់ទៀតឈ្មោះ ងួន សុវណ្ណា (ហៅ អូនធំ) ខណៈដែលបុគ្គលឈ្មោះ មេសា ត្រូវបានគេអះអាងថា ជាអ្នកជំនិតក្នុងការរៀបចំ និងគ្រប់គ្រងកម្មវិធីល្បែងទាំងមូល។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោក ធូ ឃឿ អភិបាលក្រុងបានលុង ប៉ុន្តែទូរស័ព្ទមិនមានអ្នកទទួល។ ដូចគ្នានេះដែរ ការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ក៏មិនមានការឆ្លើយតបឡើយ។ ខណៈលោក មុឹង នាថ អ្នកនាំពាក្យសាលាខេត្តរតនៈគិរី ក៏មិនមានអ្នកលើកទូរស័ព្ទដូចគ្នា។
បន្ថែមពីនេះ អ្នកសារព័ត៌មានក៏បានផ្ញើសាររាយការណ៍ជូនទៅឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី តាមប្រព័ន្ធ Telegram ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតប ឬការចូលស្តាប់សារនោះទេ។
ករណីនេះបានធ្វើឲ្យមហាជនចោទសួរថា តើគោលនយោបាយ “ភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព” ដែលរដ្ឋាភិបាលបានដាក់ចេញ មាន ៥ ចំណុចនោះ នៅសល់ត្រឹមតែពាក្យស្លោកឬយ៉ាងណា? ជាពិសេស ចំណុចទី៥ ដែលបញ្ជាក់ថា ត្រូវតែគ្មានល្បែងស៊ីសងខុសច្បាប់ ហេតុអ្វីបានជាក្លាយជាពាក្យទទេ នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្តរតនៈគិរី?
គួររំលឹកថា ល្បែងស៊ីសងដូចជា យូគី អាប៉ោង និងជល់មាន់ មិនមែនជាការកម្សាន្តធម្មតាទេ ប៉ុន្តែជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរ ដែលអាចបំផ្លាញទាំងជីវិតមនុស្ស និងសន្តិភាពសហគមន៍។ វាបំផ្លាញសេដ្ឋកិច្ចគ្រួសារ បណ្តាលឲ្យបាត់បង់ប្រាក់ចំណូល កើនបំណុល និងធ្វើឲ្យជីវភាពធ្លាក់ចុះ។ ព្រមទាំងបង្កជម្លោះក្នុងគ្រួសារ ការឈ្លោះប្រកែក អំពើហិង្សា និងការបែកបាក់គ្រួសារ។
លើសពីនេះទៅទៀត ល្បែងស៊ីសងក៏ជាមូលហេតុនាំឲ្យកើតមានបទល្មើសសង្គមជាច្រើន ដូចជា លួច ប្លន់ បោកប្រាស់ និងអំពើខុសច្បាប់ផ្សេងៗ ដើម្បីរកប្រាក់មកបន្តលេង។ វាក៏ប៉ះពាល់ដល់សីលធម៌ និងអនាគតយុវជន ដោយបង្កើតទម្លាប់ខ្ជះខ្ជាយ និងពឹងផ្អែកលើសំណាង ជំនួសការខិតខំប្រឹងប្រែងសុចរិត។
ជារួម ល្បែងភ្នាល់មិនបានបង្កើតអ្នកឈ្នះពិតប្រាកដសម្រាប់សង្គមឡើយ ប៉ុន្តែបង្កើតតែការបាត់បង់ជំនឿ ការឈឺចាប់ និងភាពអស្ថិរភាពក្នុងសង្គម។
ក្នុងនាមជាអ្នកនាំសម្លេងប្រជាពលរដ្ឋ សារព័ត៌មានរាល់ថ្ងៃ សូមស្នើសុំឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី មេត្តាចាត់វិធានការតាមច្បាប់ និងពិនិត្យករណីខាងលើឲ្យបានច្បាស់លាស់ ដើម្បីរក្សាសុវត្ថិភាពសង្គម និងអនុវត្តគោលនយោបាយរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។
ដូចពាក្យបុរាណបានពោលថា៖ “រនាមបាក់ យករនាបជួស តែសម្តីហួស គ្មានអ្វីជួសបានឡើយ”៕ដោយ៖ ឃិន សុខន









Post a Comment