ស្ត្រីចំណាស់ម្នាក់ត្រូវឃាតករសម្លាប់ ដោយចោទប្រកាន់ថាចេះអំពើអាបធ្មប់!


កំពង់ស្ពឺ៖ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានឃាតករដៃឆៅកាប់ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធម្ម ក្រោយមានការចោទប្រកាន់ថា ចេះអំពើអាបធ្មប់ កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវលំ ក្នុងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។  ជនសង្ស័យជាឃាតករបានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពរួច។​

សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ស្ត្រីដែលចោទប្រកាន់ថាចេះអំពើអាបធ្មប់មានឈ្មោះ ពៅ ឃន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានស្លាប់ក្នុងថ្លុកឈាមដោយការកាប់ជាច្រើនកាំបិតពីសំណាក់ឃាតករត្រូវចំក ក្បាល និងដាច់ដៃ។ 

យោងតាមការរៀបរាប់របស់ឈ្មោះ សឿន ខុម ភេទប្រុស អាយុ៥៤ឆ្នាំដែលត្រូវជាប្តី បានបញ្ជាក់ថា នៅយប់កើតហេតុម៉ោងប្រមាណជា ២០:៣០នាទីយប់ជនរងគ្រោះ បានអង្គុយនៅលើគ្រែក្រោមផ្ទះមើលទូរសព្ទដៃ ហើយខ្លួនចូលទៅងូតទឹកក្នុងបន្ទប់ទឹក។ គ្រាដែលកំពុងងូតទឹក ស្រាប់តែឮប្រពន្ធស្រែកអូយៗ គាត់ក៏រត់ចេញមក ស្រាប់តែឃើញបុរសម្នាក់កាន់កាំបិតនៅដៃដេញកាប់ប្រពន្ធគាត់ ពេលនោះគាត់ក៏បានរត់ទៅជួយដោយចាប់ដៃបុរសជាឃាតករតជាប់ តែឃាតករបានគ្រវាសដៃចេញហើយដេញកាប់ប្រពន្ធគាត់បន្ត។  ដោយការភិតភ័យ ប្រពន្ធគាត់បានរត់ទៅផ្ទះកូនដែលនៅក្បែរនោះដើម្បីឱ្យជួយ តែពេលទៅដល់របងផ្ទះត្រូវបានបិទជិតបណ្តាលឱ្យឃាតករកាប់ត្រូវជាច្រើនកាំបិតបន្ថែម និងបណ្តាលឱ្យប្រពន្ធគាត់ដាច់ខ្យល់ស្លាប់នៅលើផ្លូវតែម្តង។បន្ទាប់ពីឃើញប្រពន្ធគាត់ដេកដួលលើដី ឃាតករបានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបន្ថែមថា ដោយទទួលបានការរៀបរាប់ និងតម្រុយខ្លះពីប្តី និងក្រោមការដាក់បទបញ្ជាដោយម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត ជំនាញបានកំណត់មុខសញ្ញាសង្ស័យ ឈានដល់ការឃាត់ខ្លួនបានឈ្មោះ ស៊ុន សុភ័ក្រ ហៅឈីង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នាំមកកាន់ស្នងការដ្ឋានដើម្បីសួរនាំ។នៅចំពោះមុខសមត្ថកិច្ចជនជាឃាតករបានសារភាពថា ខ្លួនពិតជាបានកាប់ស្ត្រីខាងលើឱ្យស្លាប់ពិតប្រាកដមែន ដោយសារតែស្រ្តីរូបនេះចេះអំពើអាបធ្មប់ដែលខ្លួនស្អប់។

លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅថ្ងៃទី៦ ខែមីនានេះថា ករណីនេះគឺអាចជាករណីគំនុំរវាងជនសង្ស័យជាឃាតករ និងស្ត្រីជាជនរងគ្រោះទើបបណ្តាលឱ្យមានការកាប់សម្លាប់ដូចនេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរួចហើយ ដើម្បីអនុវត្តនីតិវិធីច្បាប់៕អត្ថបទ៖ ខុន គឹមហុង






Post a Comment

Previous Post Next Post

Kdaily-news ads