ប្រទេសវៀតណាមនឹងដោះលែងអ្នកទោសជិត១ម៉ឺន៤ពាន់នាក់នៅមុនថ្ងៃបុណ្យជាតិរបស់ខ្លួននៅថ្ងៃទី ២ ខែកញ្ញា ដែលជាការលើកលែងទោសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី៣០ខែសីហា។
អាជ្ញាធរវៀតណាមបានប្រកាសថា អ្នកទោសចំនួន ១៣,៩១៥នាក់ រួមទាំងអ្នកទោសបរទេសចំនួន ៦៦ នាក់ មកពី ១៨ប្រទេសដូចជាប្រទេសចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអូស្ត្រាលី នឹងត្រូវបានដោះលែងចាប់ពីថ្ងៃទី ១ ខែកញ្ញា។ ការដោះលែងនេះស្របពេលជាមួយនឹងការរំលឹកខួប ៨០ ឆ្នាំនៃឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមបារាំង ដែលត្រូវបានប្រារព្ធឡើងជាមួយនឹងក្បួនដង្ហែរនៅទីក្រុងហាណូយ។
ជាប្រពៃណី រដ្ឋាភិបាលវៀតណាមបានផ្តល់ការលើកលែងទោសក្នុងអំឡុងពេលព្រឹត្តិការណ៍ជាតិសំខាន់ៗ ដោយបានដោះលែងអ្នកទោសជាង ៨ពាន់នាក់កាលពីដើមឆ្នាំនេះសម្រាប់ខួបលើកទី ៥០នៃការដួលរលំនៃទីក្រុង Saigon ជាការបញ្ចប់សង្រ្គាមវៀតណាម និងការដណ្តើមកាន់កាប់ទីក្រុង Saigon ដោយកងកម្លាំងវៀតណាមខាងជើង។ យ៉ាងណាអ្នកទោសដែលត្រូវបានដោះលែងទាំងនោះមិនរួមបញ្ចូលអ្នកទោសពីបទភេរវកម្ម ឬប៉ុនប៉ងផ្តួលរំលំរដ្ឋ ទេ។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ ២០០៩ អ្នកទោសជាង១០ម៉ឺន នាក់ត្រូវបានអនុញ្ញាតឱ្យដោះលែងទាន់ពេល ទោះបីជាសកម្មជននយោបាយមិនដែលមានក្នុងចំណោមពួកគេក៏ដោយ។ ជាមួយនឹងមនុស្សជាង ១៩ម៉ឺន នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ការដោះលែងដ៏ធំនេះបង្ហាញពីការបន្តប្រើការលើកលែងទោសរបស់វៀតណាមជាកាយវិការមនុស្សធម៌ និងជាសកម្មភាពជានិមិត្តរូបនៃការរួបរួមក្នុងពិធីបុណ្យជាតិ៕




Post a Comment