Top News

ករណីក្រុមក្មេងទំនើងវាយគ្នា នគរបាលស្រាវជ្រាវចាប់បាន៤នាក់ភ្លាមៗក្រោយបង្កហេតុ.



កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពព្រួតវាយលើយុវជនពីរនាក់ទាំងកណ្ដាលភ្លៀង និងត្រូវបានចែកចាយលើបណ្ដាញសង្គម។

ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងនាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីកម្លាំងជំនាញទទួលបានព័ត៌មានពីករណីហិង្សាលើជនរងគ្រោះពីរនាក់នៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បើតាមសមត្ថកិច្ច ក្រុមជនសង្ស័យបានប្រើមួកការពារសុវត្ថិភាព និងប្រើដៃ ជើងវាយ និងធាក់​លើ​ជន​រងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាល និងដងខ្លួន។

ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ជនសង្ស័យចំនួន៤នាក់ សុទ្ធសឹងមានអាយុត្រឹម១៥ឆ្នាំយកមកសួរនាំ ចំណែកជនរងគ្រោះចំនួន០២នាក់ ក្រោយពេលកើតហេតុបានជិះម៉ូតូចេញទៅបាត់ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឲ្យមកដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចអនុវត្តនីតិវីធី។ ក្រុមសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធី។

សូមជម្រាបថា ការចុះឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែកករណីក្រុមក្មេងទំនើងវាយគ្នាទាំងកណ្ដាលមេឃភ្លៀងនៅលើបណ្ដាញសង្គមកាលពីល្ងាចថ្ងៃទី៣កញ្ញា ហើយបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់តែម្ដង៕






Post a Comment

Previous Post Next Post

Kdaily-news ads