ជាមួយនឹងកម្រិតទឹកដែលបានហក់ឡើងយ៉ាប់រហ័សនេះ អាជ្ញាឃុំធរតាវែង បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងត្រូវរៀបចំទូក អាវពោង ដើម្បីជម្លៀសខ្លួនពីលំនៅដ្ឋាន ដោយភ្ជាប់ជាមួយនៅឯកសារសំខាន់ៗ ទ្រព្យសម្បត្តិមានតម្លៃ សត្វពាហនៈ ទៅកាន់ទីទួលសុវត្ថិភាព។ ករណីគ្រោះធម្មជាតិនេះ បានបណ្តាលឱ្យភូមិរបស់ជនជាតិដើមភាគតិចមួយចំនួន ដែលស្ថិតនៅតាមមាត់ទន្លេសេសាន ត្រូវបានជន់លិចជាបណ្តើរៗហើយ។
ចំណែកលោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានអំពាវនាវទៅកាន់មេឃុំ មេភូមិ អាជ្ញាធរ ដែលនៅខាងក្រោមភូមិសាស្ត្រស្រុកវើនសៃ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដូចជា ទូកអាវពោង និងសម្ភារៈ ដើម្បីជម្លៀសប្រជាពលរដ្ឋ ករណីមានទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋ។
សូមរំលឹកថា តាមការព្យាករស្ថានភាពធាតុអាកាសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានឱ្យដឹងថា ខេត្តនេះបានទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុង រ៉ាហ្គាសា លើកទី១៨ រយៈពេលពីរថ្ងៃ កាលពីថ្ងៃទី ២៤-២៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានភាពបែបនេះធ្វើឱ្យអាកាសធាតុមានពពកច្រើន ដេរដាស មានភ្លៀងផ្គររន្ទះពី តិច ទៅ ច្រើនខ្លាំង ភវនីយភាព ៨០% ខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ៨ ទៅ ១២ ម៉ែត្រ/វិនាទី និងមានសីតុណ្ហភាពពី ២៣°C ទៅ ២៦°C អាចបង្កឱ្យមានជំនន់ទឹកភ្លៀង៕




Post a Comment