(ភ្នំពេញ)៖ នៅថ្ងៃទី១៥ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរដ៏កក់ក្តៅ ដល់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំង ឯកឧត្តម Sébastien Lecornu ក្នុងឱកាសត្រូវបានតែងតាំងឡើងកាន់តំណែងកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។
ក្នុងសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការឡើងកាន់តំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានសំខាន់ក្នុងអាជីពនយោបាយរបស់ឯកឧត្តម Lecornu និងនឹងផ្តល់ទស្សនវិស័យថ្មីៗសម្រាប់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។
សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្តេជ្ញា ក្នុងការសហការជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំកិច្ចការសំខាន់ៗនៅពេលខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងអញ្ជើញជាអធិបតីភាព នៅឆ្នាំ ២០២៦។
ក្នុងឱកាសដ៏ពិសេសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្ឃឹមថា នាយករដ្ឋមន្ត្រីបារាំងថ្មី នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរដល់ឯកឧត្តម Sébastien Lecornu ឱ្យទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏មានតម្លៃនេះ៕



Post a Comment