Top News

ច្បាប់អនុញ្ញាត-៣-៥ ម៉ែត្រ តែជីកជាង ៣០ ម៉ែត្រ បង្កឱ្យអណ្តូងទឹករីងអស់ បំផ្លាញជីវភាពប្រជាពលរដ្ឋភូមិភ្នំក្រោម តើមន្ទីររ៉ែ និងអាជ្ញាធរខេត្ត ពិនិត្យឬបណ្ដោយ?


(សៀមរាប)៖ ករណីរណ្តៅដីមួយ ស្ថិតនៅត្រពាំងជើងក្រួស ក្នុងបរិវេណអាងទំនប់លេខ ៧៨ ខេត្តសៀមរាប ដែលជីកដោយលោកស្រី សម្បត្តិ ដានីញ៉ែល កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងរាលដាលដល់ជីវភាពប្រជាពលរដ្ឋរស់នៅ ភូមិភ្នំក្រោម រហូតមិនអាចមើលរំលងបានទៀតឡើយ។

តាមលិខិតអនុញ្ញាត ការជីកយកអាចម៍ដី ត្រូវបានកំណត់ជម្រៅត្រឹម ៣,៥ ម៉ែត្រ ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង រណ្តៅដីរបស់លោកស្រី សម្បត្តិ ដានីញ៉ែល ត្រូវបានជីកជម្រៅ លើសពី ៣០ ម៉ែត្រ ហើយនៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ។

យោងតាមបទប្បញ្ញត្តិរបស់ ក្រសួងរ៉ែ និងថាមពល បានបែងចែកសិទ្ធិអនុញ្ញាតយ៉ាងច្បាស់ថា ការជីកក្នុងទំហំដីក្រោម ១ ហិកតា និងជម្រៅប្រហែល ៣ ម៉ែត្រ អាចស្ថិតក្រោមសមត្ថកិច្ចថ្នាក់ខេត្ត ប៉ុន្តែបើតម្រូវឲ្យជីកជម្រៅលើសពីនេះ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងជំនាញថ្នាក់ជាតិ។

ទោះជាយ៉ាងណា ជាក់ស្តែងនៅទីតាំង ត្រពាំងជើងក្រួស ក្នុងបរិវេណអាងទំនប់លេខ ៧៨ សកម្មភាពជីកបានលើសច្បាប់យ៉ាងច្បាស់ ដោយគ្មានការបញ្ឈប់ ឬចាត់វិធានការណាមួយឲ្យមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋអះអាងថា នៅក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើឡើងនៅសាលាខេត្តសៀមរាប ក្រោមវត្តមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមន្ទីររ៉ែ បានសម្រេចអនុញ្ញាតឲ្យជីកត្រឹម ៤ ម៉ែត្រ ប៉ុណ្ណោះ ក្នុងដីតំបន់លេខ ២ នៃបរិវេណអាងទំនប់លេខ ៧៨។ ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់លោកស្រី សម្បត្តិ ដានីញ៉ែល បានផ្ទុយស្រឡះពីអ្វីដែលបានព្រមព្រៀង និងសន្យាជាមួយអាជ្ញាធរ ដោយមានរណ្តៅជាច្រើនត្រូវបានជីកលើសកំណត់។

ពាក់ព័ន្ធករណីនេះ ប្រជាសហគមន៍ ភូមិភ្នំក្រោម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្រេចមូលមតិគ្នា ស្នើសុំឱ្យសារព័ត៌មានចុះផ្សាយ ដើម្បីបង្ហាញពីផលប៉ះពាល់ជាក់ស្តែង ដែលពួកគាត់កំពុងរងគ្រោះ រួមមាន អណ្តូងទឹករីងអស់ជាបន្តបន្ទាប់ បង្ខំឲ្យគ្រួសារជាច្រើនត្រូវ ទិញទឹកប្រើប្រាស់រាល់ថ្ងៃជីវភាពធ្លាក់ចុះខ្លាំង ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកបាត់បង់ធនធានធម្មជាតិ មិនអាចរកត្រី ខ្យង បន្លែធម្មជាតិ

សត្វគោក្របីប្រឈមហានិភ័យធ្លាក់រណ្តៅងាប់ ប៉ះពាល់ដល់កសិកម្ម និងចំណូលគ្រួសារ ប្រជាពលរដ្ឋបានបញ្ជាក់ថា មន្ត្រីជំនាញខេត្តធ្លាប់សន្យាថា ប្រសិនបើមានការជីកលើសកំណត់ សូមឲ្យរាយការណ៍ភ្លាម ដើម្បីចុះមកដោះស្រាយ និងបិទសកម្មភាព។ ប៉ុន្តែមកដល់ពេលនេះ ទោះមានការរាយការណ៍ និងដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ក៏មិនទាន់ឃើញមានអាជ្ញាធរណាចុះមកដោះស្រាយជាក់ស្តែងឡើយ។

សំណួរ:-តើពាក្យសន្យារបស់អាជ្ញាធរនៅឯណា? ពាក់ព័ន្ធករណីនេះ ក្រុមការងារសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប ប៉ុន្តែមិនទទួលបានការឆ្លើយតប។ ជាសំណួរទៅកាន់អាជ្ញាធរពាក់ព័ន្ធ

តើមន្ទីររ៉ែ និងថាមពលខេត្ត បានអនុវត្តតាមអ្វីដែលបានសន្យាក្នុងកិច្ចប្រជុំដែរឬទេ?

តើឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជ្រាបពីការជីកលើសច្បាប់នេះឬនៅ?បឬមានការមើលរំលង បណ្ដោយឲ្យមានការអនុវត្តលើសច្បាប់ បំផ្លាញជីវភាពប្រជាពលរដ្ឋ ដោយគ្មានអ្នកទទួលខុសត្រូវ?

អភិវឌ្ឍន៍សម្រាប់អ្នកណា? ការជីកយកអាចម៍ដីនេះ ចំណេញសម្រាប់អ្នកណា? ហើយទុក្ខវេទនារបស់ប្រជាពលរដ្ឋ តើនរណាទទួលខុសត្រូវ? សំណើជាផ្លូវការរបស់អ្នកសារព័ត៌មាន

ក្នុងនាមអ្នកសារព័ត៌មាន ជាសម្លេងតំណាងប្រជាពលរដ្ឋសហគមន៍ភូមិភ្នំក្រោម សូមគោរពអំពាវនាវដល់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល- សូមមេត្តាចុះពិនិត្យករណីនេះជាបន្ទាន់ សូមបញ្ឈប់ការជីកលើសច្បាប់ និងស្តារយុត្តិធម៌ជូនប្រជាពលរដ្ឋមូលដ្ឋាន ប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់ មិនប្រឆាំងអភិវឌ្ឍន៍ទេ ប៉ុន្តែទាមទារ អភិវឌ្ឍន៍ដែលមានមនុស្សធម៌ មានច្បាប់ និងមានអ្នកទទួលខុសត្រូវ។

សូមចែករំលែក ដើម្បីឲ្យសម្លេងប្រជាពលរដ្ឋ ឮដល់ថ្នាក់ដឹកនាំ មុនពេលទឹកភ្នែកក្លាយជារឿងធម្មតា៕ ដោយ ឃិន សុខន





Post a Comment

Previous Post Next Post

Kdaily-news ads