Top News

រដ្ឋាភិបាលជំរុញការវិនិយោគ បង្កើតមូលដ្ឋានអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋភូមិភាគឦសាន!


(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន (ក.វ.ឦសាន) សហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី បានចុះពិនិត្យទីតាំងគម្រោងវិនិយោគ ដែលស្នើសុំសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន ធី.ធី.ភី គ្រុប ខូអិលធីឌី ស្ថិតនៅស្រុកអូររាំង ។ ការចុះពិនិត្យនេះ គឺជាផ្នែកមួយនៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគនៅភូមិភាគឦសាន ដើម្បីបង្កើតមូលដ្ឋានផលិតកម្មថ្មីៗ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ ក្នុងដំណើរការចុះពិនិត្យ មានការចូលរួមពីតំណាងសាលាខេត្តមណ្ឌលគិរី មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរព្រៃឈើ មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន ដោយផ្តោតលើការពិនិត្យវិសាលភាពទីតាំង ការគោរពច្បាប់ និងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រុមការងារបានបញ្ជាក់ថា គម្រោងនេះមានគោលបំណងរៀបចំបណ្ដុំសហគ្រាសធុនតូច និងមធ្យម ស្ថិតនៅភូមិពូរាង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់ប្រជាពលរដ្ឋភូមិភាគឦសាន នៃខេត្តមណ្ឌលគិរី។

សកម្មភាពនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំការអភិវឌ្ឍទៅដល់មូលដ្ឋាន ធានាតុល្យភាពរវាងការវិនិយោគ ការការពារធនធានធម្មជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាមូលដ្ឋាន។ សកម្មភាពខាងលើនេះ ឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពី គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគប្រកបដោយចីរភាព និងសមតុល្យភាព រវាងការអភិវឌ្ឍសេដ្ឋកិច្ច ការការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាមូលដ្ឋាន។

រាជរដ្ឋាភិបាល បានដាក់ប្រជាពលរដ្ឋជាគោលដៅមជ្ឈមណ្ឌល នៃការអភិវឌ្ឍ ដោយផ្តោតលើការបង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ជាពិសេសសម្រាប់តំបន់ភូមិភាគឦសាន ដែលជាតំបន់មានសក្ដានុពលអភិវឌ្ឍខ្ពស់ ប៉ុន្តែត្រូវការការគាំទ្របន្ថែមពីគោលនយោបាយរដ្ឋ។

ការចុះពិនិត្យ និងតាមដានគម្រោងវិនិយោគដោយផ្ទាល់ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ បង្ហាញពីភាពទទួលខុសត្រូវ ភាពតម្លាភាព និងការអនុវត្តច្បាប់ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តដល់វិនិយោគិន និងធានាថា ការអភិវឌ្ឍទាំងអស់ នឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់ប្រទេស និងប្រជាពលរដ្ឋ៕អត្ថបទ ឃិន សុខន


















Post a Comment

Previous Post Next Post

Kdaily-news ads