Top News

រណ្តៅដីជ្រៅមរណៈកណ្តាលក្រុងសៀមរាប ភាពអសកម្មមន្ទីររ៉ែ និងអាជ្ញាធរខេត្ត កំពុងដាក់ប្រជាពលរដ្ឋក្នុងហានិភ័យ!


(ខេត្តសៀមរាប)៖ ប្រជាពលរដ្ឋរស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពជីករណ្តៅដីមួយកន្លែង ស្ថិតក្នុងតំបន់បឹងត្រពាំងគ្រួស ដែលត្រូវបានអាជីវករជីកយកអាចម៍ដីលក់ ដោយសង្ស័យថា បានអនុវត្តលើសពីលក្ខខណ្ឌអាជ្ញាប័ណ្ណ និងផ្ទុយពីបទប្បញ្ញត្តិច្បាប់ជាច្រើនខែមកហើយ ខណៈមិនឃើញមានការចុះត្រួតពិនិត្យពីមន្ទីរជំនាញ ឬអាជ្ញាធរខេត្តឡើយ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងភូមិ (សុំមិនបញ្ចេញឈ្មោះ) បានឲ្យដឹងថា រណ្តៅដីខាងលើ ត្រូវបានជីកជម្រៅលើសពី ១០ ម៉ែត្រ ដែលបង្កហានិភ័យធ្ងន់ធ្ងរ ដល់សុវត្ថិភាពកុមារ និងប្រជាពលរដ្ឋ ជាពិសេសនៅរដូវវស្សា អាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្លាក់ចូលក្នុងរណ្តៅដីបានគ្រប់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមរថយន្តដឹកដី បានបើកបរឆ្លងកាត់តំបន់លំនៅឋាន ដោយមិនគ្របតង់ និងមិនគោរពបទបញ្ជាចរាចរណ៍ បណ្តាលឲ្យធូលីដីហុយពេញផ្ទះសម្បែង ធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដល់សុខមាលភាព និងសុខភាពរស់នៅយ៉ាងខ្លាំង ប៉ុន្តែមិនឃើញមានវិធានការណាមួយពីអាជ្ញាធរពាក់ព័ន្ធឡើយ។ ប្រជាពលរដ្ឋអះអាងថា អាជីវកម្មជីករណ្តៅដីនេះ ស្ថិតក្រោមឈ្មោះ សម្បត្តិ ដានីញ៉ែល ដែលបានធ្វើអាជីវកម្មជាច្រើនខែមកហើយ ដោយមិនឃើញមានមន្ត្រីជំនាញណាមួយ ចុះពិនិត្យកំណត់ជម្រៅ បច្ចេកទេស ឬការអនុវត្តតាមអាជ្ញាប័ណ្ណឲ្យបានច្បាស់លាស់នោះទេ ដែលបង្ហាញពីភាពអសកម្ម និងការខ្វះការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ។

ទាក់ទិននឹងករណីនេះ លោក ឡេង លាត ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងអំពីអាជីវកម្មខាងលើនោះទេ ហើយក៏មិនទាន់ដឹងថា អាជ្ញាប័ណ្ណស្នើសុំស្ថិតនៅថ្នាក់ខេត្ត ឬថ្នាក់ក្រសួងឡើយ ដោយលោកនឹងពិនិត្យមើលបន្ថែម។ ការឆ្លើយតបបែបនេះ ត្រូវបានមហាជនមើលឃើញថា ជាសញ្ញានៃភាពកម្សោយ និងការអវត្តមាននៃតួនាទីត្រួតពិនិត្យរបស់មន្ទីរជំនាញ ចំពោះអាជីវកម្មធនធានរ៉ែ ដែលកំពុងបង្កហានិភ័យជាក់ស្តែងដល់សង្គម។

តាមបទប្បញ្ញត្តិដែលកំពុងអនុវត្ត អាជីវកម្មជីករណ្តៅដី ដែលស្នើសុំអាជ្ញាប័ណ្ណតាមមន្ទីររ៉ែ និងថាមពល ខេត្ត អនុញ្ញាតឲ្យជីកក្នុងជម្រៅប្រមាណ ៤ ទៅ ៥ ម៉ែត្រ ប៉ុណ្ណោះ។ ចំណែកអាជីវកម្មដែលមានផ្ទៃដីចាប់ពី ១ ហិកតាឡើងទៅ និងចង់ជីកជម្រៅពី ៥ ទៅ ១០ ម៉ែត្រ ត្រូវស្នើសុំអាជ្ញាប័ណ្ណពី ក្រសួងរ៉ែ និងថាមពល តាមនីតិវិធីច្បាប់។ ប៉ុន្តែក្នុងករណីរណ្តៅដីខាងលើនេះ ប្រជាពលរដ្ឋសង្ស័យថា កំពុងអនុវត្តលើសពីការអនុញ្ញាត ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ពីអាជ្ញាធរ។ ជុំវិញបញ្ហានេះ អ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅកាន់ លោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីសុំការបំភ្លឺ និងជូនដំណឹងអំពីសកម្មភាពអាជីវកម្មធនធានរ៉ែ ដែលសង្ស័យថា ពុំមានអាជ្ញាប័ណ្ណ ឬអនុវត្តខុសលក្ខខណ្ឌបច្ចេកទេស ប៉ុន្តែការទំនាក់ទំនងជាច្រើនលើកច្រើនសារ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយ ដែលធ្វើឲ្យមហាជនកាន់តែសង្ស័យចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។ ក្នុងស្ថានភាពនេះ មហាជន និងប្រជាពលរដ្ឋក្នុងតំបន់ កំពុងរង់ចាំមើលចំណាត់ការជាក់ស្តែងពីអាជ្ញាធរមានសមត្ថកិច្ច និងបានសំណូមពរដល់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាចាត់គណៈអធិការកិច្ច ចុះពិនិត្យទីតាំងរណ្តៅដីខាងលើនេះជាបន្ទាន់ ដើម្បីធានាការអនុវត្តច្បាប់ ការពារសុវត្ថិភាពសាធារណៈ និងបញ្ចប់ភាពអសកម្ម ក្នុងការគ្រប់គ្រងអាជីវកម្មធនធានរ៉ែ នៅក្រុងសៀមរាប និងទូទាំងខេត្ត៕ ដោយ ឃិន សុខន




Post a Comment

Previous Post Next Post

Kdaily-news ads