(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបង្ហាញការព្រួយបារម្ភ និងមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីរោងចក្រកែច្នៃផ្លែឈើមួយឈ្មោះ-ហ្គូប៊ីនហ្វេន- ត្រូវបានរាយការណ៍ថា បានបង្ហូរទឹកសំណល់ស្អុយចេញពីរោងចក្រ ចូលទៅក្នុងស្រះទឹកមួយនៅក្នុងភូមិ បង្កក្លិនស្អុយរំខានយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
តាមការរាយការណ៍ពីប្រជាពលរដ្ឋក្នុងតំបន់ រោងចក្រនេះជារោងចក្រកែច្នៃផ្លែស្វាយ ប៉ុន្តែទឹកសំណល់ដែលបង្ហូរចេញពីដំណើរការផលិត ត្រូវបានបញ្ជូនចូលស្រះទឹកក្នុងភូមិ ដោយមិនឃើញមានការគ្រប់គ្រង ឬប្រព័ន្ធសម្អាតឱ្យបានត្រឹមត្រូវនោះឡើយ។ ទឹកសំណល់នោះបានបង្កក្លិនស្អុយខ្លាំង រហូតប្រជាពលរដ្ឋមួយចំនួនអះអាងថា មិនអាចទ្រាំបាន និងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រជាពលរដ្ឋបានលើកឡើងថា ក្លិនស្អុយចេញពីទឹកសំណល់នោះ កាន់តែខ្លាំងនៅពេលថ្ងៃក្តៅ ឬពេលខ្យល់បក់ ធ្វើឱ្យបរិយាកាសនៅជុំវិញភូមិក្លាយជាកន្លែងមិនសមរម្យសម្រាប់រស់នៅ។ ពួកគេក៏បារម្ភថា ប្រសិនបើសកម្មភាពបង្ហូរទឹកសំណល់បែបនេះបន្តរយៈពេលយូរ អាចនឹងបង្កផលប៉ះពាល់ដល់បរិស្ថាន និងប្រភពទឹកក្នុងសហគមន៍ ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់សុខុមាលភាពប្រជាពលរដ្ឋ។
យោងតាមបទប្បញ្ញត្តិបរិស្ថាននៅកម្ពុជា រាល់រោងចក្រ និងសហគ្រាសដែលដំណើរការអាជីវកម្ម ត្រូវមានកាតព្វកិច្ចគោរពតាមស្តង់ដារបរិស្ថាន ដោយត្រូវមានប្រព័ន្ធគ្រប់គ្រង និងសម្អាតទឹកសំណល់ឱ្យបានត្រឹមត្រូវ មុននឹងបង្ហូរចេញទៅបរិស្ថាន ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់ធម្មជាតិ និងសុខុមាលភាពប្រជាពលរដ្ឋ។
ករណីនេះ ក៏បានធ្វើឱ្យមានសំណួរចោទឡើងផងដែរ ថា តើរោងចក្រ(ហ្គូប៊ីនហ្វេន) បានអនុវត្តតាមលក្ខខណ្ឌបរិស្ថាន និងមានប្រព័ន្ធសម្អាតទឹកសំណល់ត្រឹមត្រូវដែរឬទេ? ហើយតើស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេស ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការអ្វីខ្លះលើបញ្ហានេះ?
ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ បានស្នើសុំឱ្យអាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន ចុះពិនិត្យជាក់ស្តែងទៅលើសកម្មភាពរបស់រោងចក្រ និងអនុវត្តវិធានការតាមច្បាប់ ប្រសិនបើរកឃើញថា មានការបង្ហូរទឹកសំណល់ដោយមិនគោរពតាមស្តង់ដារបរិស្ថាន ដើម្បីធានាឱ្យបាននូវការការពារបរិស្ថាន និងសិទ្ធិរស់នៅក្នុងបរិយាកាសស្អាតរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ក្នុងនាមជាស្ថាប័នផ្សព្វផ្សាយព័ត៌មាន ដែលមានតួនាទីជាសំឡេងរបស់ប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមគោរពស្នើសុំដល់ឯកឧត្តម បណ្ឌិត អ៊ាង សុផាឡែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យជាក់ស្តែងលើករណីនេះ ដើម្បីធានាថា រាល់សហគ្រាស និងរោងចក្រដែលដំណើរការនៅកម្ពុជា ត្រូវគោរពតាមច្បាប់ និងស្តង់ដារបរិស្ថាន ធានាសុវត្ថិភាពបរិស្ថាន និងសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ ឃិនសុខន













Post a Comment