ដកបញ្ឈរជើងមេប៉ុស្ដិ៍ស្តីទីទំនើង ក្រោយវាយពលរដ្ឋឱ្យដេកពេទ្យ!


កំពង់ឆ្នាំង៖ លោកព្រិន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងស្នាយស្តីទី ត្រូវបានថ្នាក់លើសម្រេចដកបញ្ឈរជើង និងបញ្ជូនសំណុំរឿងទៅមន្រ្តីជំនាញ ក្រោយប្រើប្រាស់ហិង្សាលើពលរដ្ឋម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តិកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ...។

តាមរយៈសេចក្ដីប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ជុំវិញករណីហិង្សាបង្កឡើងដោយនាយប៉ុស្តិ៍នគរបាលស្តីទី បណ្ដាលឱ្យពលរដ្ឋឈ្មោះ អៀង សុភ័ក ហៅយ៉ត រងរបួសក្បាល និងរាងកាយធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ យ៉ាងណា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាត់មន្រ្តីជំនាញចុះទៅអង្កេតស្រាវជ្រាវលើករណីខាងលើភ្លាមៗ។ 

ជាលទ្ធផល ក្នុងក្របខ័ណ្ឌស្នងការខេត្ត បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ។ ក្រៅពីដកបញ្ឈរជើងរួច សំណុំរឿងហិង្សាដោយចេតនានេះ ត្រូវបានប្រគល់ឱ្យផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតលើបណ្តឹងរបស់ឈ្មោះ អៀង សុភ័ក្រ ហៅយ៉ត បន្តទៀតផងដែរ៕









Post a Comment

Previous Post Next Post

Kdaily-news ads