ភ្នំពេញ ៖ ខឹងបុរសជាម្ចាស់បន្ទប់ជួលស្តីបន្ទោសកុំអោយឡូឡា ប៉ះពាល់អ្នកជួលបន្ទប់ផ្សេងទៀត ស្រាប់តែជនសង្ស័យជាអ្នកជួលបន្ទប់បានយកកូនកាំបិតដងវែងទៅចាក់ជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២៦ នៅបន្ទប់ជួលផ្លូវបេតុង ច្រកបឹងកំប្លោក ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ផ្ទះជួលច្រើនបន្ទប់នៅកន្លែងកើតហេតុ ស្នាក់នៅកន្លែងកើតហេតុផ្ទះ១ល្វែង ជនសង្ស័យគ្រាន់តែស្គាល់ឈ្មោះ វិរះ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែង កើតហេតុជាមួយប្រពន្ធនិងកូនប្រុស២នាក់ ។
យោងតាមស្ត្រីរស់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុ ជនរងគ្រោះស្នាក់ផ្ទះនៅក្បែរបន្ទប់ជួលដោយសំរាកនៅលើអង្រឹងក្រោមផ្ទះហើយមានបុរសជនសង្ស័យស្នាក់នៅជាមួយប្រពន្ធនិងកូនប្រុសតូចៗ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ មកដល់បន្ទប់ជួលនៅជាន់ទី១ មិនទាន់ដើរចូលដល់បន្ទប់ក៏ស្រែកឡូឡាចំពេលជនរងគ្រោះម្ចាស់ផ្ទះជួលឮក៏ស្រែកថា «អាវិរៈ កុំឡូឡាប៉ះពាល់អ្នកដទៃ» ក៏ធ្វើឲ្យទាស់សំដីគ្នា ។
ប្រភពដដែលបន្តទៀតថា កន្លងមកម្ចាស់ផ្ទះបានគំរាមឈប់ជួលឲ្យដោយសារចរិកជនសង្ស័យតែងតែធ្វើអីប៉ះពាល់គេឯងដែលអ្នកជួលបន្ទប់ក្បែរគ្នា ។ បន្ទាប់ពីឈ្លោះប្រកែកគ្នាបានបន្តិច មិនដឹងថា ជនសង្ស័យយកកូនកាំបិតដងវែងមកពីណា រត់ទៅចាក់ម្ចាស់ផ្ទះកំពុងដេកលើអង្រឹង តែម្ចាស់ផ្ទះជួលរត់ងើបចេញពីអង្រឹងគោលបំណងទៅខាងក្រោយផ្ទះច្រកចង្ក្រានបាយ ដើម្បីគេចពីជនសង្ស័យ មិនទាន់បានបើកទ្វារចេញផងត្រូវជនសង្ស័យចាក់យកៗមិនដឹងប៉ុន្មានកាំបិតនោះទេ ធ្វើឲ្យរបួសទើបរត់ចូលក្នុងផ្ទះដួលក្នុងថ្លុងឈាម ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជនសង្ស័យបានដើរចេញពីខាងក្រោយផ្ទះជនរងគ្រោះ កាន់ថង់សំរាម ហើយប្រាប់កូនប្រុសតូចៗ២នាក់ថា «អោយចាំប៉ានៅនឹងហើយ ប៉ាជិះម៉ូតូយកសំរាមចោលនៅខាងផ្លូវបន្តិចសិន» ហើយក៏បង្កការភ្ញាក់ផ្អើលដល់ប្រពន្ធកូនជនរងគ្រោះស្រែកថា ជនសង្ស័យចាក់ប្ដីគាត់ស្លាប់ហើយ ពេលនោះជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុហើយ ។ ភ្លាមៗពេលប្រពន្ធជនសង្ស័យមកពីលក់គ្រឿងម្ជូរនៅកោះពេជ្រវិញមកដល់បន្ទប់ជួលឮថាប្ដីយកកូនកាំបិតចាក់បុរសម្ចាស់ផ្ទះស្លាប់ សឹងតែដួលសន្លប់ និងយំ ដោយមិនគួរណាទៅសម្លាប់ម្ចាស់ផ្ទះបែបនេះសោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច្ច័យ សពជនរងគ្រោះបានឲ្យដឹងថា ស្លាប់ដោយសារចាក់ជាច្រើនកាំបិតជាករណីឃាតកម្ម ។ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕













Post a Comment