មណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី ២៣ មីនា នេះ បានចេញមកបំភ្លឺជុំវិញករណីដែលថា ក្រុមមន្ត្រីរបស់ខ្លួនបានកាប់បំផ្លាញដើមស្វាយចន្ទី និងដំឡូងមីរបស់អ្នកភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌល ។
សេចក្ដីបំភ្លឺនេះបានធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ពិសេសគណនី facebook ឈ្មោះ "សម្ព័ន្ធយុវជនសន្តិភាព" ដែលបានបង្ហោះរូប និងឃ្លីបវីដេអូ របស់ប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធ ដែលបានបង្ហាញពីភាពសោកសៅ ឈឺចាប់ និងអំពាវសុំអន្តរាគមន៍រកយុត្តិធម៌ពីថ្នាក់ដឹកនាំប្រទេស ក្រោយមន្ត្រីបរិស្ថានចុះកាប់បំផ្លាញកូនស្វាយចន្ទី និងដើមដំឡូងមី នៅលើដីដែលពួកគាត់កាន់កាប់ និងអាស្រ័យផល អស់រយៈពេល២-៣ ឆ្នាំរួចមកហើយ ។
ជាការឆ្លើយតប មន្ទីរបរិស្ថានបានលើកឡើងនៅក្នុងសេចក្ដីបំភ្លឺរបស់ខ្លួនថា ដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលនោះ គឺជាប់សំណុំរឿងព្រហ្មទណ្ឌលេខ១៩៣ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ របស់មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងស្ថិតក្នុងតំបន់អភិរក្ស ជាតំបន់លក់ឥណទានកាបូន (REDD+) កែវសីមា ។ ជាការទប់ស្កាត់ខ្លួនក៏បានធ្វើការកាប់កូនស្វាយចន្ទី ចំនួន១៥៣ដើម និងរុញ ផ្តួលដើមដំឡូងមី ចំនួន ៤៥បាច់ ផងដែរ ។
ជាមួយគ្នាលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តបណ្ដូលគិរីក៏បានបញ្ជាក់បន្ថែមប្រាប់ ថា អ្វីដែលមន្ទីរបរិស្ថានធ្វើ គឺដើម្បីតែការពារទ្រព្យសម្បត្តិរដ្ឋ ជាពិសេសតំបន់រ៉េដបូក(REDD+) កែវសីមានេះ ដែលមនុស្សភាគច្រើនបានស្គាល់ ព្រៃ និងប្រទេសកម្ពុជា។ លោកថា តំបន់នេះបានទាញប្រយោជន៍ពីការលក់កាបូនសម្រាប់សហគមន៍ច្រើនណាស់ ។ ក្រៅតែពីភូមិនីមួយៗទទួលបានថវិកាក្នុងមួយឆ្នាំមួយៗឆ្នាំ២ម៉ឺនដុល្លារ អ្នកភូមិក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត មានដូចជាផ្លូវផ្ទះសម្បែង សាលារៀន និងអាហារូបករណ៍ជាដើម ៕







Post a Comment