ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយដេញតាមចាប់ឃាត់ខ្លួនបាន ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូមើលម៉េប (Map) រកផ្លូវទៅពិធីភ្ជាប់ពាក្យ។ ករណីឆក់នេះបានកើតឡើងកាលពីថ្ងៃទី០៨ មីនា ២០២៦ នៅចំណុចភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សាន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះមានឈ្មោះ សែម ចិន្តា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរលក់ដូរ និងកសិករ មានទីលំនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួម មាន ម៉ូតូ១គ្រឿងម៉ាក QBIX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AH-3091 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក iPhone 12 Pro Max ពណ៌ ប្រផេះ១គ្រឿង (ជារបស់ជនរងគ្រោះ)។
យោងតាមរបាយការណ៍ដែលក្រុមការងារហង្សតូចទទួលបាន នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក Scoopy i ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HR-3111 ចេញពី ផ្ទះដើម្បីទៅចូលរួមពិធីភ្ជាប់ពាក្យកូនរបស់មិត្តភក្តិនៅភូមិឈើទាល។ លុះជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានដកទូរស័ព្ទចេញពីក្នុងកាបូបមកកាន់ដើម្បីមើលម៉េប (Map) រកផ្លូវ។ ស្រាប់តែភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូមកក្បែរ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះ ហើយជិះម៉ូតូរត់គេចខ្លួនទៅទិសខាងឃុំកំពង់ស្វាយ ស្របពេលដែលជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយបណ្ដើរ និងស្រែកឆោឡោបណ្ដើរ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល បានសហការយ៉ាងទាន់ពេលវេលាជាមួយកម្លាំងប៉ុស្តិ៍កំពង់ស្វាយ និងកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចេញប្រតិបត្តិការដេញតាមប្រមាញ់ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែងនៅម្តុំឃុំកំពង់ស្វាយតែម្តង។
ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលឈើទាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការបន្តតាមនីតិវិធីច្បាប់៕#ព៍ត៌មានរាល់ថ្ងៃ





Post a Comment