(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ដោយយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា លេខ ១៦៦ អនក្រ.កត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ៣៦០រូប។
យោងតាមអនុក្រឹត្យខាងលើ រាជរដ្ឋាភិបាលបានសម្រេច៖
ផ្ទេរភារកិច្ច ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អត្តលេខ ០៩០៤៩ ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៅកាន់មុខតំណែងជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។
តែងតាំង ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អត្តលេខ ២២១៥២ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឡើងកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ក្នុងអង្គពិធី ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអានរបាយការណ៍សង្ខេបអំពីលទ្ធផលការងារ និងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ខណៈដែល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃ និងលើកឡើងពីកិច្ចសហការរវាងអាជ្ញាធរ និងកងកម្លាំងនគរបាលក្នុងការរក្សាសន្តិសុខសង្គម។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រគល់អនុក្រឹត្យ និងត្រា ជូនឧត្តមសេនីយ៍ទាំងពីររូប ព្រមទាំងមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើអនុសាសន៍សំខាន់ៗ ដោយបានដាស់តឿនឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មានប្រសិទ្ធភាព និងមានតម្លាភាព ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យថ្មី ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចឲ្យបានល្អប្រសើរ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។
ពិធីនេះបានបញ្ចប់ក្នុងបរិយាកាសអបអរសាទរ ដោយមានការថតរូបជាអនុស្សាវរីយ៍ និងជូនវត្ថុអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំ និងអង្គពិធី៕ដោយ ឃិន សុខន









Post a Comment