(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ-ក- សាលាខេត្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារកន្លងមក និងដាក់ចេញទិសដៅអនុវត្តបន្ត សម្រាប់ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងវិន័យការងារ និងអនុវត្តភារកិច្ចរបស់ខ្លួនដោយភាពទទួលខុសត្រូវខ្ពស់ មិនអនុញ្ញាតឲ្យមានការធ្វេសប្រហែស ឬអនុវត្តខ្វះប្រសិទ្ធភាពឡើយ។
ឯកឧត្តម បានបញ្ជាក់ច្បាស់ថា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពប្រជាពលរដ្ឋ គឺជាភារកិច្ចអាទិភាព ដែលមិនអាចមើលរំលងបាន ហើយត្រូវចាត់វិធានការយ៉ាងតឹងរឹងចំពោះបទល្មើសគ្រប់ប្រភេទ ដោយមិនអនុញ្ញាតឲ្យមានការលំបាក ឬការរារាំងពីមូលហេតុណាមួយឡើយ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវចុះដល់ទីតាំងជាក់ស្តែង ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជៀសវាងការអូសបន្លាយដែលប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរ។
ឯកឧត្តម បន្តទៀតថា គ្រប់មន្ទីរ អង្គភាព និងកងកម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចសហការជាប្រព័ន្ធ ឲ្យមានភាពស៊ីសង្វាក់គ្នា ក្នុងការអនុវត្តនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងលទ្ធផលជាក់ស្តែង។
ជាចុងក្រោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការបម្រើសេវាសាធារណៈ ត្រូវអនុវត្តដោយភាពស្មោះត្រង់ បើកចំហ ប្រកបដោយវិជ្ជាជីវៈ និងឆ្លើយតបទាន់ពេលវេលា ដោយយកប្រជាពលរដ្ឋជាចម្បង មិនអនុញ្ញាតឲ្យមានអំពើអវិជ្ជមាន ឬការប្រើប្រាស់អំណាចខុសគោលបំណងឡើយ។
កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកថា ជាវេទិកាសំខាន់មួយ ក្នុងការពង្រឹងសមត្ថភាពដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ៕ ដោយ ឃិន សុខន









Post a Comment