ព្យុះ Nongfa កំពុងវាយប្រហារខ្លាំងក្លាលើប្រទេសថៃ ដោយឥទ្ធិពលរបស់វា បង្អុរភ្លៀងធ្លាក់ បង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន៦ បង្កទុក្ខលំបាកដល់ពលរដ្ឋជាង ៥ ០០០នាក់។ នេះបើតាមការផ្សាយរបស់ Bangkok Post។
តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ ព្យុះ Nongfa បានវាយប្រហារតាំងពីថ្ងៃសៅរ៍ទី៣០ខែសីហា ខណៈខេត្តដែលរងគ្រោះខ្លាំងគឺស្ថិតនៅភាគខាងជើងប្រទេសដូចជា Chiang Mai, Mae Hong Son, Phitsanulok, Phetchabun និង Sukhothai។
នៅស្រុក Lom Kao នៃខេត្ត Phetchabun, ទឹកជំនន់បានជន់លិចក្នុងកម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ ដោយបំផ្លាញផ្ទះសម្បែងពលរដ្ឋ និងរំខានដល់ប្រតិបត្តិការជួយសង្គ្រោះ។
ព្យុះ Nongfa បោកបក់លើថៃ បន្ទាប់ពីប្រទេសបេះទើបតែបានធូរស្រាលពីឥទ្ធិពលព្យុះ Kajiki ប៉ុណ្ណោះ។ ព្យុះ Kajiki បានបង្កជាបំណាក់ដី ទឹកជំនន់ និងបាតុភូតគ្រោះធម្មជាតិផ្សេងទៀត បណ្តាលឲ្យមនុស្សស្លាប់-របួសជាច្រើននាក់។
ព្យុះ Nongfa នេះទៀតសោត បានហោះសំដៅវាយប្រហារថៃ ក្រោយវាថយឥទ្ធិពលនៅកម្ពុជា។ តាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១កញ្ញា ព្យុះ ណងហ្វា (Nongfa) បានថយឥទ្ធិពលទៅជាសម្ពាធទាប ប៉ុន្តែក៏នៅតែធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់៕












Post a Comment