ប្រទេសថៃ ៖ អណ្តាតភ្លើងបង្កើតជាផ្សែងខ្មៅនិងអគារដួលរលំដែលនាំឱ្យមានការជម្លៀសចេញយ៉ាងចលាចល រថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿងត្រូវបានដាក់ពង្រាយ ប៉ុន្តែមិនទាន់គ្រប់គ្រងអគ្គិភ័យបានឡើយ ។
នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អ្នកយកព័ត៌មានរាយការណ៍ថា មានអគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតសម្ភារៈប្លាស្ទិក និងប្រអប់ស្នោមួយកន្លែង ស្ថិតក្នុងឃុំបាងប្រាក់ Bang Phra ស្រុកស៊ីរ៉ាឆា Si Racha ខេត្តឈុនប៊ុរី Chonburi ។ អណ្តាតភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស បង្កើតជាផ្សែងខ្មៅ ដែលអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយ។ មន្ត្រីនគរបាលប៉ុស្តិ៍ ស្រុកស៊ីរ៉ាឆា អង្គភាពសង្គ្រោះភៀវយាងថៃ ស៊ីរ៉ាឆា Phiew Yeang Tai Sri Racha និងរថយន្តពន្លត់អគ្គីភ័យមកពីក្រុងចៅហ្វ្រាយ៉ាស៊ូរ៉ាសាក់ Chao Phraya Surasak ក្រុងឡែមឆៈបាំង Laem Chabang ក្រុង ស្រុកស៊ីរ៉ាឆា សាលាឃុំបាងប្រាក់ Bang Phra រដ្ឋបាលឃុំបវីន Bo Win និងរដ្ឋបាលសង្កាត់ ណងខាម Nong Kham បានចុះពិនិត្យកន្លែងកើតហេតុ និងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាង ២០ គ្រឿងទៅពន្លត់ភ្លាមៗ។ កន្លែងកើតហេតុជាឃ្លាំងធំមួយជាន់ដែលផលិតគ្រឿងបន្លាស់ប្លាស្ទិក និងផលិតផលប្រអប់ស្នោ។
អគ្គីភ័យបានឆាបឆេះខ្លាំងរហូតដល់រលំអគារទាំងមូល ភ្លើងបានរាលដាលដល់ផ្នែកផ្សេងទៀតនៃរោងចក្រ ក្រុមមន្ត្រីបានចំណាយពេលជាងពីរម៉ោងក្នុងការព្យាយាមទប់ស្កាត់អគ្គិភ័យ ប៉ុន្តែមិនអាចគ្រប់គ្រងបាន។
ទីបំផុតបានរាលដាលដល់ឃ្លាំងទី២ និងទី៣ ដែលបច្ចុប្បន្នមន្ត្រីបានទប់ស្កាត់អគ្គិភ័យបរិវេណជុំវិញកុំអោយរាលដាលទៅតំបន់ផ្សេងៗទៀត ដោយប្រើប្រាស់ទឹកដើម្បីការពារកុំឱ្យមានការផ្ទុះឡើងបន្ថែមទៀត ទន្ទឹមនឹងនេះ រោងចក្រជុំវិញកន្លែងកើតឧបទ្ទវហេតុបានបញ្ជាឲ្យកម្មករជម្លៀសចេញពីតំបន់នោះជាបន្ទាន់។ តាមកម្មករបានប្រាប់ថា នៅមុនពេលកើតហេតុ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យរន្ទះបាញ់ចូលឃ្លាំង កម្មករនៅក្បែរនោះព្យាយាមពន្លត់ភ្លើងដែរ តែមិនអាចធ្វើបាន ទើបបណ្តាលឲ្យឆេះរាលដាលពាសពេញតំបន់នោះ។ ប្រភព ៖ ខាវស៊ុត Khoasod






Post a Comment