(ខេត្តព្រៃវែង)៖ សប្បុរជននិងមហាជនស្នើសូមមន្ត្រីអធិការកិច្ចសូមធ្វើឲ្យដល់ចុង សូមកុំមកធ្វើដើម្បីបិទរឿង ក្នុងករណីដែលមន្រ្តី នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះសួរនាំ លោក ហ៊ន សុផាត អភិបាលស្រុកមេសាង និង លោក ហ៊ាង ផល្លី ប្រធានអង្គភាពលទ្ធកម្មស្រុកមេសាង ពាក់ព័ន្ធការប្រើប្រាស់លុយជំនួយកងទ័ពជួរមុខ និងជនភៀសសឹក ខ្ទង់ជាង១១៧លានរៀល គឺជាករណីធ្ងន់ធ្ងរ ដែលមិនអាចបញ្ចប់ដោយពាក្យបកស្រាយ ឬការបដិសេធមិនបំភ្លឺបានឡើយ។ មន្ត្រីដែលមានឈ្មោះជាក់លាក់ និងមានតួនាទីគ្រប់គ្រងថវិកាសាធារណៈ ត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះលុយដែលប្រមូលពីប្រជាពលរដ្ឋ ក្នុងគោលបំណងជួយកងទ័ពជួរមុខ និងជនភៀសសឹក។ ការប្រគល់លុយទៅខេត្តត្រឹមតែជាង២០លានរៀល ការរក្សាទុកលុយជាង៣០លានរៀល និងការអះអាងថាលុយជាង៥០លានរៀលត្រូវបានយកទៅចំណាយលើគោលបំណងផ្សេង គឺជាបញ្ហាដែល ត្រូវការឯកសារផ្លូវការ និងភស្តុតាងច្បាស់លាស់ មិនមែនពាក្យនិយាយ តាមមាត់ក្រោយពេលមានអធិការកិច្ចឡើយ។ ការបកស្រាយពី លោក អន ភារៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែង គឺជាទស្សនៈរដ្ឋបាលមួយផ្នែក ប៉ុន្តែមិនអាចជំនួសការទទួលខុសត្រូវផ្ទាល់របស់ លោក ហ៊ន សុផាត និង លោក ហ៊ាង ផល្លី ដែលជាអ្នកកាន់កាប់ និងគ្រប់គ្រងលុយនៅថ្នាក់ស្រុកបានឡើយ។ លុយជំនួយដែលប្រមូលក្នុងគោលបំណងជាក់លាក់ មិនអាចបម្លែងគោលដៅដោយគ្មានសេចក្តីអនុញ្ញាតតាមច្បាប់ និងគ្មានការជម្រាបជូនសាធារណៈបានទេ។
ក្នុងន័យនេះ អធិការកិច្ចត្រូវទទួលខុសត្រូវដូចគ្នា។ ការចុះមកស្រុកមេសាង មិនមែនមកសួរនាំឲ្យគ្រប់លក្ខណៈ ហើយបន្ទាប់មកបញ្ចប់រឿងដោយស្ងៀមស្ងាត់បានទេ។ អធិការកិច្ចសូមស៊ើបអង្កេតឲ្យដល់ឫសគល់ ហើយបង្ហាញលទ្ធផលជាក់ស្តែង និងច្បាស់លាស់ដល់សាធារណៈជន ដើម្បីបានជ្រាបថា៖
-តើលុយជំនួយនោះត្រូវបានប្រើត្រឹមត្រូវ ឬខុសគោលបំណង?
-ហើយអ្នកណាជាអ្នកសម្រេចចិត្ត អ្នកណាជាអ្នកអនុវត្ត
–និងអ្នកណាត្រូវទទួលទោស ប្រសិនបើមានការបំពាន ប្រសិនបើរកឃើញថា មានការប្រើប្រាស់លុយជំនួយខុសគោលបំណង? ។ លោក ហ៊ន សុផាត និងលោក ហ៊ាង ផល្លី ត្រូវទទួលខុសត្រូវផ្លូវវិន័យ ផ្លូវរដ្ឋបាល និងផ្លូវច្បាប់ ដោយគ្មានការលើកលែង។ ការកាន់តំណែងមិនមែនជាខែលការពារកំហុស និងការពន្យារពេលមិនមែនជាវិធីលាងបាបនោះឡើយ។
ត្បិតក្រោយពីមានផ្សាយព័ត៌មាននេះឡើង មហាជនក្នុងបណ្តាញសង្គមកំពុងតាមដាន
ប្រជាពលរដ្ឋកំពុងចាំមើល សូមឲ្យអធិការកិច្ច ត្រូវបង្ហាញឲ្យឃើញថា មកដើម្បីរកយុត្តិធម៌ មិនមែនមកដើម្បី “សាកល្បង” ឬរកផ្លូវបិទរឿងឲ្យអ្នកមានអំណាចទេ។អង្គភាពសារព័ត៌មានរាល់ថ្ងៃ នឹងបន្តតាមដានរឿងនេះដល់ចុងបញ្ចប់នៃអធិការកិច្ច។ ដើម្បីឲ្យលុយជំនួយដែលបាត់នោះឃើញការចំណាយពិត និងឲ្យមន្ត្រីរាជការទាំងអស់យល់ច្បាស់ថា អំណាច ត្រូវទំនួលខុសត្រូវ៕អត្ថបទ ដោយ ឃិន សុខន





Post a Comment