(ត្បូងឃ្មុំ)៖ នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ជាន់ទី២។
កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំដ៏រឹងមាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត ក្នុងការបញ្ជូនទិសដៅការងារយ៉ាងច្បាស់លាស់ ដើម្បីធានាឱ្យការអភិវឌ្ឍខេត្តត្បូងឃ្មុំ ដំណើរការទៅមុខដោយភាពរឹងមាំ មានស្ថិរភាព និងចីរភាព។
ឯកឧត្តម ប៉ែន កុសល្យ បានផ្តោតការណែនាំលម្អិត លើការវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ទាំងផ្នែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យគ្រប់មន្ទីរ–អង្គភាព បន្តពង្រឹងសាមគ្គីភាព វិន័យការងារ និងស្មារតីបម្រើប្រជាពលរដ្ឋជាមូលដ្ឋាន។
តាមរយៈការដឹកនាំយ៉ាងម៉ឺងម៉ាត់ និងការយកចិត្តទុកដាក់ជាក់ស្តែងរបស់ឯកឧត្តមអភិបាលខេត្ត ការរៀបចំសន្និបាតប្រចាំឆ្នាំ ត្រូវបានចាត់ទុកជាវេទិកាសំខាន់មួយ សម្រាប់បូកសរុបបទពិសោធន៍ ពង្រឹងការគ្រប់គ្រង និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាក់ស្តែង កិច្ចប្រជុំនេះ បានបញ្ជាក់ពីតួនាទីដឹកនាំដ៏សកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ ក្នុងការបន្តលើកកម្ពស់ការងារសង្គម ការអភិវឌ្ឍប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ដើម្បីកសាងខេត្តត្បូងឃ្មុំឱ្យកាន់តែរីកចម្រើន និងប្រជាពលរដ្ឋរស់នៅដោយមានសុភមង្គល៕អត្ថបទ ដោយ ឃិន សុខន













Post a Comment