Top News

លោកស្នងការរង ស៊ីវ សុជាតិ បាន បញ្ជាក់ថា មកដល់ពេលនេះកូនរបស់លោកមិនទាន់រកឃើញនៅឡើយទេ!


លោក ស៊ីវ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកបង្កើតរបស់ម្ចាស់រថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត៦នាក់ បានចូលខ្លួនបំភ្លឺហើយនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយលោកបញ្ជាក់ថា រហូតមកដល់ពេលនេះកូនប្រុសរបស់លោកក៏នៅមិនទាន់រកឃើញនៅឡើយ ខណៈសមត្ថកិច្ចថា មិនទាន់យកជាការបាននោះទេ។

បើតាមការបង្ហើបឲ្យដឹងពីមន្ត្រីចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ លោក ស៊ីវ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុករបស់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាម្ចាស់រថយន្ដបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ចំនួន ៦នាក់ នៅស្រុកមោងឬស្សី បានចូលមកបំភ្លឺខ្លះៗហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់យកជាផ្លូវការបាន។

បើតាមសមត្ថកិច្ច លោក ស៊ីវ សុជាតិ គ្រាន់តែដឹងថា នៅយប់ថ្ងៃទី២៧ ខែមីនា គឺប្រពន្ធ និងកូនរបស់លោកបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យ ដោយប្រពន្ធជិះរថយន្តមួយគ្រឿង ឯកូនប្រុសជិះរថយន្តមួយគ្រឿងទៀត ហើយនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ លោកក៏ពុំបានដឹងរឿងនេះដែរ រហូតទាល់តែប្រពន្ធរបស់លោកប្រាប់ទើបលោកដឹង ហើយរហូតមកដល់ពេលនេះកូនប្រុសរបស់លោកក៏នៅមិនទាន់រកឃើញនៅឡើយ។

លោក ស៊ីវ សុជាតិ បន្ថែមថា នៅក្នុងរឿងនេះ លុះត្រាតែប្រពន្ធរបស់លោកចូលខ្លួនមកបំភ្លឺទើបយកជាការបាន ព្រោះលោកក៏ចង់ដឹងដែរថា តើអ្នកណាជាអ្នកកាន់ចង្កូតបើកបរ ប៉ុន្តែនៅពេលនេះប្រពន្ធរបស់លោកមានធុរៈមិនទាន់ចូលខ្លួនមកបំភ្លឺបាន។

សមត្ថកិច្ចបានបញ្ជាក់ថា ការបំភ្លឺរបស់លោក ស៊ីវ សុជាតិ នៅមិនទាន់អាចយកជាផ្លូវការបាននៅឡើយ ដូច្នេះរង់ចាំឱ្យប្រពន្ធរបស់លោកចូលខ្លួនមកបញ្ជាក់ម្ដងទៀត ទើបអាចកំណត់បានថានរណាជាអ្នកបើកបរ៕












Post a Comment

Previous Post Next Post

Kdaily-news ads