Top News

ធ្លាប់ជាប់ពន្ធនាគារ០២ឆ្នាំ ចេញមកវិញ កាន់កាំបិតកាប់ប្រហារបង្ករស្នាមរបួស ព្រោះយល់ខុសមរតករបស់ប្រពន្ធ ទុកចែកអោយកូន !


កណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ០២ឆ្នាំ ពីបទហិង្សាដោយចេតនា  ពេលបានចេញមកវិញមិនរាងចាល  ហិង្សាដោយចេតនាកាន់កាំបិតកាប់ប្រហារបង្ករស្នាមរបួសព្រោះយល់ខុសមរតរបស់ប្រពន្ធទុកចែកអោយកូន  ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦ នៅចំណុចភូមិព្រែកតាពៅ(១) ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា÷ ជនរងគ្រោះមានចំនួន០២នាក់៖  ១-ឈ្មោះ បាន សាក់នី  ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន  រងរបួសស្នាមត្រង់គុម្ពក្លៀកខាងឆ្វេងមួយកន្លែងនិងត្រង់កដៃខាងឆ្វេងមួយកន្លែង, ២-ឈ្មោះឈុំ សារ៉េត ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មេផ្ទះ រងរបួសស្នាមត្រង់ភ្លៅខាងឆ្វេងមួយកន្លែង។ចំនែកជនសង្ស័យមានឈ្មោះ សា តាំ ភេទប្រុសអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សំណាញ់ និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២ឆ្នាំ ពីបទ ហិង្សាដោយចេតនា   ដោយទាំងជនរងគ្រោះនិងជនសង្ស័យមានទីលំនៅក្បែរខាងគ្នាក្នុងភូមិសង្កាត់កើតហេតុ ។  វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោ ដងឈើចំនួន០១។

លោកអធិការបានលើកយកសារបាននៃដើមហេតុមកប្រាប់ថា÷ ស្ត្រីឈ្មោះ សា ទីម៉ាស់ អាយុ៦៥ឆ្នាំ ជាប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាបងចិញ្ចឹមរបស់ជនរងគ្រោះ  បានយកខ្សែដៃមាស ទម្ងន់០២ដំឡឹង មកផ្ញើរនិងប្អូនចិញ្ចឹម(ជនរងគ្រោះ) និងបានផ្តាំផ្ញើថា ÷ ពេលគាត់ស្លាប់ទៅត្រូវយកខ្សែដៃមាស០២ដំឡឹងនោះ កាត់ចែកអោយកូនគាត់ទាំងបីនាក់ស្មើៗគ្នាផង ។ លុះកំឡុងឆ្នាំ២០១០  ប្រពន្ធជនសង្ស័យ ក៏បានស្លាប់បាត់ទៅ   ឯជនរងគ្រោះជាមនុស្សស្មោះត្រង់ ក៏បានយកខ្សែដៃនោះប្រគល់ឲ្យទៅលោកមេភូមិព្រែកតាពៅ(១) ឈ្មោះស៊ូ សេន ចាត់ចែងឲ្យទៅកូនៗរបស់ជនសង្ស័យទាំង០៣នាក់ ដែលមានអាយុចន្លោះពី២៥ឆ្នាំដល់៣០ឆ្នាំទទួលបានមរតកពីម្តាយស្មើរៗគ្នា ដោយមានទាំងជនសង្ស័យជាឳពុកចូលរួមជាសាក្សីផងដែរ ។

ក្នុងរយ:ពេល១៦ឆ្នាំក្រោយពីមរតកម្តាយ (មាស០២ដំឡឹង)  បានបែងចែកអោយកូនៗរួច  ជនសង្ស័យ(ជាប្តី ជាឪពុក ) តែងតែព្យាយាមមករករឿង ទៀមទាមាស០២ដំឡឹងពីជនរងគ្រោះ (ជាប្អូនចិញ្ចឹមរបស់ប្រពន្ធ)រហូតប្រើអំពើហិង្សាដោយចេតនា ជាប់ពន្ធនាគារ ០២ឆ្នាំ តែពេលបានចេញមកវិញមិនរាងចាល   លុះនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានមកស្រែកសួររកជនរងគ្រោះ   លឺដូចនោះជនរងគ្រោះក៏បានដើរចេញមក  ស្រាប់តែជនសង្ស័យសួររកមាស០២ដំឡឹងជាថ្មីម្តងទៀត ហើយក៏បានប្រើអំពើហិង្សាដោយចេតនា ទាញយកកាំបឹតប៉ុ័ងតោ ពីក្នុងស្បោងក្រណាត់ពណ៌ក្រហម កាប់ទៅលើជនរងគ្រោះ (មានកាមេរាសុវត្ថិភាព) តែជនរងគ្រោះបានចាប់កាំបឹតទាន់ និងហៅឲ្យគេជួយ ក៏ជនរងគ្រោះឈ្មោះ បាន សាក់នី រត់ចេញពីក្នុងផ្ទះទៅជួយម្តាយ រហូតរងរបួសទាំង០២នាក់   និងបានអ្នកក្បែរខាងមកជួយចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ច ។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ÷ ខ្លួនពិតជាបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះទាំងពីរនាក់ ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕ ( ដោយ៖ ខុន គឹមហុង








Post a Comment

Previous Post Next Post

Kdaily-news ads