(ខេត្តត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំវឌ្ឍនភាពសម្រាប់រៀបចំពិធីអុំទូកក្នុងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកជំទាវអភិបាលរងខេត្ត នាយក និងនាយករងនៃស្ថាប័នរដ្ឋបាល សាលាខេត្ត មន្ទីរអង្គភាពជាតិ និងមូលដ្ឋានជុំវិញខេត្ត។
.ឯកឧត្តមអភិបាលបានលើកឡើងថា" ពិធីអុំទូកជាបុណ្យវប្បធម៌ប្រពៃណីដ៏សំខាន់របស់ជាតិ ដែលតំណាងឲ្យសេចក្ដីរួបរួម សុខសាន្ត និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការរៀបចំត្រូវធ្វើឲ្យបានប្រុងប្រយ័ត្ន តាមគោលការណ៍សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីឲ្យពិធីអុំទូកឆ្នាំនេះ ក្លាយជាព្រឹត្តិការណ៍ធំមួយដែលបង្កើនកិត្តិយស និងរូបភាពល្អដល់ខេត្តត្បូងឃ្មុំ។
ថ្នាក់ដឹកនាំបានណែនាំឲ្យអង្គភាពពាក់ព័ន្ធ រៀបចំទូកប្រណាំងយ៉ាងសមរម្យ តុបតែងទីធ្លាប្រណាំង មាត់ទន្លេ និងចំណុចទស្សនាបានយ៉ាងស្អាត ជាអានុស្សាវរីយ៍ និងមានការផ្តល់សុវត្ថិភាពអតិបរិមា ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
សារព័ត៌មាន «រាល់ថ្ងៃ» ព្រមទាំងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការដឹកនាំយ៉ាងឧស្សាហ៍ព្យាយាមរបស់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជាពិសេសឯកឧត្តមអភិបាល ប៉ែន កុសល្យ និងលោកជំទាវ ដែលបានចាត់ចែងការងារយ៉ាងទូលំទូលាយ ដើម្បីអភិវឌ្ឍសកម្មភាពវប្បធម៌ប្រពៃណីជាតិ ឲ្យកាន់តែរីកចម្រើន និងជំរុញឲ្យខេត្តត្បូងឃ្មុំក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញមួយនៅតំបន់កណ្ដាលនៃប្រទេសកម្ពុជា៕អត្ថបទ ឃិន សុខន












Post a Comment