(ខេត្តត្បូងឃ្មុំ)៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបង្ហោះសារជាសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អំពីកិច្ចប្រជុំត្រៀមការងាររៀបចំប្រណាំងទូកង នៅទន្លេសិប្បនិមិត្រ ខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ។
ការបង្ហោះសាររបស់ឯកឧត្តមជាការជូនដំណឹងដ៏រីករាយមួយ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានដឹង និងចូលរួមកម្សាន្តជាមួយគ្នា ក្នុងបរិយាកាសសប្បាយរីករាយក្នុងពិធីប្រណាំងទូកប្រពៃណីជាតិ។
ក្នុងអំឡុងពេលថ្មីៗនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញភាពខិតខំប្រឹងប្រែងក្នុងការតុបតែងអំពូលភ្លើងចម្រុះពណ៌តាមដងផ្លូវ ចាប់ពីរង្វង់មូលស្តេចកន ទៅដល់ទីលានរដ្ឋបាលខេត្ត ព្រមទាំងតុបតែងតំបន់មាត់ទន្លេសិប្បនិមិត្រ ឱ្យកាន់តែស្រស់ស្អាត។
នៅពេលថ្ងៃរះក៏ដូចជាពេលរាត្រី ទីរួមខេត្តត្បូងឃ្មុំបានក្លាយជាកន្លែងកម្សាន្តយ៉ាងសប្បាយរីករាយ សុវត្ថិភាព និងសន្តិភាពផ្លូវចិត្ត មានកុមារតូចៗ ឪពុកម្តាយ និងយុវជនយុវតី មកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ។ ទិដ្ឋភាពនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំក្នុងខេត្ត ក្នុងការធ្វើឲ្យទីរួមខេត្តកាន់តែស្អាត ទាក់ទាញ និងមានជីវភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។
ខ្ញុំបាទ ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ សូមចេញពីចិត្តសរសើរចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដែលតែងតែខិតខំប្រឹងប្រែង ដើម្បីសុខុមាលភាព និងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ៕អត្ថបទ ឃិន សុខន











Post a Comment