Top News

សំណូមពររបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី!



(ខេត្តមណ្ឌលគិរី)៖ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានផ្តល់សំណូមពរដ៏ស្មោះសុចរិតមួយ ដល់ក្រុមហ៊ុននិងអាជីវករដែលប្រកបអាជីវកម្មដឹកនិងលក់អាចម៍ដី តាមបណ្តោយផ្លូវជាតិ និងតាមផ្លូវក្នុងក្រុង ដើម្បីសហការជួយរក្សាអនាម័យ និងសោភ័ណភាពបរិស្ថានរបស់ខេត្ត។

តាមការសង្កេតជាក់ស្តែង ការដឹកនាំអាចម៍ដីលក់របស់ក្រុមអ្នកជួញដូរខ្លះៗ បានបង្កឱ្យមានការជ្រុះដីតាមផ្លូវ បណ្តាលឱ្យផ្លូវប្រឡាក់ ប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅពេលភ្លៀងធ្លាក់។ ការជ្រុះដីចូលក្នុងប្រឡាយបង្ហូទឹក ឬការចាក់ដីលប់ប្រឡាយនៅជាយផ្លូវ ដើម្បីឱ្យរថយន្តឆ្លងកាត់ ធ្វើឱ្យប្រព័ន្ធបង្ហូទឹករបស់ក្រុង និងតាមបណ្តោយផ្លូវជាតិលេខ៧៦អា ត្រូវបានរារាំង។ បន្ទាប់មក មន្ទីរសាធារណៈការនិងដឹកជញ្ជូនតែងតែត្រូវចំណាយថវិកាសាធារណៈដើម្បីសម្អាត និងជួសជុលឡើងវិញជាបន្តបន្ទាប់។

ដូច្នេះ មន្ទីរយើងសូមអំពាវនាវដល់អាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មដឹកនិងលក់អាចម៍ដី សូមអនុវត្តន៍ការងារដោយប្រុងប្រយ័ត្ន កុំឱ្យអាចម៍ដីធ្លាក់រាយប៉ាយលើផ្លូវជាតិ ឬចូលក្នុងប្រឡាយបង្ហូទឹក។ ក្នុងករណីចាំបាច់ត្រូវចាក់ដីលប់ប្រឡាយ សូមជួយសម្អាតវិញបន្ទាប់ពីការងារសម្រេច ដើម្បីរក្សាអនាម័យ និងទេសភាពល្អប្រណិតរបស់ទីក្រុងនិងខេត្តជាទីស្រឡាញ់របស់យើង។

មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី សូមអភ័យទោសជាផ្លូវការ ប្រសិនបើសំណូមពរនេះប៉ះពាល់ដល់អាជីវករណាមួយ ប៉ុន្តែមានបំណងល្អក្នុងការរួមចំណែកជួយថែរក្សាផ្លូវ បរិស្ថាន និងអនាម័យសាធារណៈ ដើម្បីទាក់ទាញទេសចរណ៍ និងអភិវឌ្ឍខេត្តឱ្យកាន់តែល្អប្រសើរឡើងជាបន្តទៀត៕អត្ថបទ ឃិន សុខន




Post a Comment

Previous Post Next Post

Kdaily-news ads