(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រកាសឲ្យដឹងថា មន្រ្តីណាដែលពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើដាច់ខាតត្រូវតែបង្រ្កាប ហើយជនណាដែលជេរប្រមាថស្ថាប័នជាតិ បង្កើតឡើងដោយព្រះមហាក្សត្រ និងក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ត្រូវតែផ្តន្ទាទោសតាមច្បាប់ !
នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ សៅ សុខា តែងតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបបទល្មើសព្រៃឈើ ហើយព្រមានចាត់វិធានការតាមច្បាប់បើសិនមន្រ្តីណាម្នាក់ ឬអាវុធហត្ថណាម្នាក់ មានការជាប់ពាក់ព័ន្ធនឹងបទល្មើសមួយនេះ !
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងឲ្យដឹងថា ក្រុមការងារចំពោះកិច្ច នឹងចុះអធិការកិច្ចត្រួតពិនិត្យ មើលសកម្មភាពមិនប្រក្រតីរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងគាំទ្រសកម្មភាពរបស់លោក តាន់ គឹមសួរ (Tan Kimsour) ប៉ុន្តែកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនអាចទទួលបានឡើយនូវសម្តីជេរប្រមាថរបស់បុគ្គល ផែង វណ្ណៈ។
នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបញ្ជាឲ្យបែងចែកឲ្យច្បាស់ចំពោះបញ្ហាខាងលើចៀសវាងមានការភ័ន្តច្រឡំរួមមាន៖
ទី១៖ អាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការស៊ើបអង្កេតលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ហើយបើរកឃើញថាមានភាពមិនប្រក្រតី នោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ទី២៖ អាវុធហត្ថលើផ្ទៃប្រទេស សូមកោតសរសើរលោក តាន់ គីមសួរ ដែលបានរាយការណ៍ពីបទល្មើសព្រៃឈើ។
ទី៣៖ អាវុធហត្ថលើផ្ទៃប្រទេស មិនអាចទទួលយកពាក្យសំដី និងការជេរប្រមាថខ្លាំងៗរបស់លោក ផែង វណ្ណៈ៕



Post a Comment