(ខេត្តមណ្ឌលគិរី )៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្រោមការដឹកនាំដោយលោក រស់ គឹមធន់ ប្រធានមន្ទីរ បានបន្តអនុវត្តការងារសម្អាតប្រចាំថ្ងៃតាមប្រឡាយបង្ហូរទឹកអមតាមផ្លូវជាតិលេខ ៧៦អា ការកាប់ស្មៅសងខាងផ្លូវ និងការជួសជុលផ្លូវដែលខូចខាត ដើម្បីរក្សាសោភ័ន្ធភាពបរិស្ថានឱ្យមានសណ្តាប់ធ្នាប់ និងស្អាតស្រស់។
គោលបំណងនៃការងារនេះ គឺដើម្បីអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យកាន់តែស្អាតទាក់ទាញ បង្កើនភាពសមរម្យនៃទីក្រុង និងបង្កើនអារម្មណ៍ល្អសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្ត។
ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៧៦អា បានសរសើរជាសាធារណៈចំពោះការយកចិត្តទុកដាក់របស់លោក រស់ គឹមធន់ ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំមានវិស័យគិត និងមានទំនួលខុសត្រូវខ្ពស់ក្នុងការថែរក្សាទីក្រុងឱ្យមានរូបសម្បត្តិស្អាតល្អ។
ការងារសម្អាត និងថែទាំផ្លូវប្រចាំថ្ងៃនេះ បង្ហាញយ៉ាងច្បាស់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី មិនត្រឹមតែធ្វើតាមភារកិច្ចផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែបានដើរតួនាទីជាអ្នកការពារ និងថែរក្សាផ្លូវថ្នល់ ដើម្បីសុខុមាលភាព និងសោភ័ន្ធភាពរបស់ប្រជាពលរដ្ឋទាំងមូល។
ខេត្តមណ្ឌលគិរីកំពុងក្លាយជាទីក្រុងទេសចរណ៍បៃតងដែលមានភាពស្អាតស្រស់ និងអនាម័យ ជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍នៃកម្ពុជា។ ការប្តេជ្ញារបស់លោក រស់ គឹមធន់ ជាកម្លាំងដ៏សំខាន់មួយក្នុងការជំរុញឱ្យខេត្តនេះកាន់តែរីកចម្រើន និងទាក់ទាញចំពោះភ្ញៀវទេសចរណ៍៕




















Post a Comment