Top News

ប្រតិបត្តិការបង្ក្រាប ២ទីតាំង នៅក្រុងបាវិត ! ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦០០នាក់!



ខេត្តស្វាយរៀង៖ សមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៦៥៨ នាក់ ភាគច្រើនជាជនបរទេស​ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន ០២កន្លែង ពាក់ព័ន្ធករណី សង្ស័យប្រព្រឹត្តបទល្មើស "ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា "(Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹង នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយក្រុមការងារនៃគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាប បទល្មើស "ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" (Online Scams) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ 

ក្នុងប្រតិបត្តិការនោះ លោក ទូច សុឃៈ បានលម្អិតថា÷ គោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន ៥៧នាក់ ស្រី ១៥នាក់ មាន ៦សញ្ជាតិ ក្នុងនោះមាន ÷ ជនជាតិខ្មែរចំនួន ១២នាក់ ធ្វើការផ្នែកអនាម័យ សន្តិសុខ និងបកប្រែ ។ ចំណែកគោលដៅទី២ គឺអគារភ្លោះកម្ពស់ ០៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផល រកឃើញជនបរទេសសរុបចំនួន ៦០១ នាក់ មាន ៤ សញ្ជាតិ។ 

អ្នកនាំពាក្យរង បានលម្អិតបន្ថែមក្នុងន័យដើមថា÷ "តាមរយៈការត្រួតពិនិត្យវត្ថុតាង និងធ្វើកោសល្យវិច័យបឋម គណៈកម្មការចំពោះកិច្ច ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយ នាយឧត្ដមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការ បានសន្និដ្ឋានថា÷ គោលដៅទី១ ជាទីតាំងធ្វើសកម្មភាព 'ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" (Online Scam) តាមរូបភាពក្លែងបន្លំជាសមត្ថកិច្ចដើម្បីគំរាមជនរងគ្រោះ។ ចំណែកគោលដៅទី២ ជាទីតាំងធ្វើសកម្មភាព "ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" (Online Scam) ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុងក្លែងក្លាយ និងការប្រើប្រាស់ បច្ចេកវិទ្យា Ai Deep Fake ក្លែងវីដេអូនិងរូបភាពសម្រាប់ក្លែងអត្តសញ្ញាណ"។ 

គួរកត់សម្គាល់ថា÷ សមត្ថកិច្ចកម្ពុជា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំពុងអនុវត្តច្បាប់លើករណី÷ "ឆបោកតាមប្រព័ន្ធអនឡាញ' ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុង និងក្រៅតំបន់ជាច្រើនករណី។ 

លោក ទូច សុឃៈ បានអះអាងថា÷ ប្រតិបត្តិការខាងលើនេះ គឺជាករណ៍ថ្មីមួយទៀត បញ្ជាក់ពីឆន្ទៈពិតប្រាកដ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពប្រាកដនិយមរបស់កម្ពុជាដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ ជាក់ស្ដែង ក្នុងអាណត្តិទី៦ កម្ពុជាបានបណ្ដេញចេញ ជនបរទេសពាក់ព័ន្ធ ចំនួន ២១.០០០ នាក់ និងបានបណ្ដេញចេញ ចំនួន ១៥.០០០នាក់ ក្នុងរយៈពេលជាង ២ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ 

បើគិត ក្នុងរយៈពេល ៩ខែ នៃ ឆ្នាំ ២០២៥ លោក ទូច សុឃៈ បន្ថែមទៀតថា÷ នគរបាលជាតិកម្ពុជា បានស្រាវជ្រាវ និងបង្ក្រាបបទល្មើស "ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា' ចំនួន ៤៨លើក និងបាន បណ្ដេញជនបរទេស ចេញពីកម្ពុជាសរុបចំនួន ២.៧២២ នាក់៕




Post a Comment

Previous Post Next Post

Kdaily-news ads