(មណ្ឌលគិរី)៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ តំណាងជនជាតិដើមភាគតិចចាស់ទុំក្នុងភូមិ ចំនួនជាង ២០ នាក់ នៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានរៀបចំពិធីសែនព្រេនបូជាអ្នកតាភ្នំកាច់ក តាមជំនឿប្រពៃណីបុរាណ ដោយមានគោលបំណងអធិស្ឋានសុំសេចក្ដីសុខ សន្តិភាព និងការការពារបូរណភាពទឹកដីជាតិ។
តាមការបញ្ជាក់ពីតំណាងជនជាតិដើមភាគតិច បានឲ្យដឹងថា ពិធីសែនព្រេននេះ រៀបចំឡើងក្នុងបំណងសុំបារមីអ្នកតាភ្នំកាច់ក ជួយការពារកងទ័ពជួរមុខរបស់កម្ពុជា និងបងប្អូនជនភៀសសឹក ឲ្យទទួលបានសុវត្ថិភាព សេចក្ដីសុខ និងភាពរឹងមាំ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។
លើសពីនេះ ពួកគាត់ក៏បានអធិស្ឋានសុំឲ្យបារមីអ្នកតា ជួយបញ្ចប់សង្គ្រាមឲ្យឆាប់រលត់ ដោយឲ្យកម្ពុជាទទួលបានជ័យជម្នះពេញលេញ ទាំងផ្នែកការពារជាតិ និងប្រជាប្រីយភាពខាងនយោបាយលើឆាកអន្តរជាតិ សំដៅរកសន្តិភាពថេរជារៀងរហូត សម្រាប់ប្រទេសជាតិ។
ក្នុងពិធីនេះ មានការបូជាជ្រូកខ្វៃ ១ ក្បាល ស្រា ១ ពាងឆ្លូង ព្រមទាំងគ្រឿងបូជាប្រពៃណីផ្សេងៗ ហើយតំណាងជនជាតិដើមភាគតិចក៏បានធ្វើពាក្យសន្យាថា ប្រសិនបើបំណងអធិស្ឋានទាំងនេះសម្រេចដូចការសូមអង្វរ ពួកគាត់នឹងរួមគ្នារៃអង្គាសទិញសត្វក្របីធំ ១ ក្បាល ដើម្បីកាប់សែនបូជាអ្នកតាភ្នំកាច់កបន្ត នៅថ្ងៃដែលសង្គ្រាមបញ្ចប់ និងប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ។
ពិធីសែនព្រេននេះ បង្ហាញពីជំនឿប្រពៃណី វប្បធម៌ជនជាតិដើមភាគតិច និងស្មារតីសាមគ្គីជាតិ ក្នុងការចូលរួមគាំទ្រ និងអធិស្ឋានសម្រាប់ជាតិមាតុភូមិ ស្របតាមអត្តសញ្ញាណវប្បធម៌ ដែលត្រូវបានថែរក្សាមកជាយូរអង្វែង៕អត្ថបទ ឃិន សុខន










Post a Comment