Top News

រដ្ឋបាលស្រុកកែវសីមា រៀបចំកិច្ចប្រជុំពិភាក្សាការងារសាងសង់រូបសំណាក់លោកតាក្រហមក នៅចំណុចលើភ្នំទឹកខួប!


(ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក សាន គឹមអ៊ាប អភិបាល នៃគណៈអភិបាលស្រុកកែវសីមា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការសាងសង់រូបសំណាក់លោកតាក្រហមក នៅចំណុចលើភ្នំទឹកខួប ជាប់តាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិសាស្រ្តស្រុកកែវសីមា។

កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលើទិសដៅការងារ ការរៀបចំទីតាំង និងការសហការគ្នាដោយសាមគ្គីភាព ដើម្បីឲ្យការសាងសង់រូបសំណាក់នេះ ប្រព្រឹត្តទៅដោយរបៀបរៀបរយ សមស្របនឹងប្រពៃណី វប្បធម៌ និងជាជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ទីតាំងខាងលើក៏ត្រូវបានចាត់ទុកជាកន្លែងសំខាន់មួយ សម្រាប់បងប្អូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរឆ្លងកាត់ មកគោរពបូជា អុជធូបសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលក្នុងជីវិត។

ក្នុងកិច្ចប្រជុំពិភាក្សាខាងលើ ក៏មានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត រតនៈមនោសទ្ធារាម (វត្តកែវសីមា) ព្រះចៅអធិការវត្ត សុវណ្ណសាមគ្គីមុនីខេតារាម (វត្តត្រពាំងផ្អេ) និងព្រះចៅអធិការវត្ត ខេមរាបុញ្ញារាម (វត្តថ្មី) ព្រមទាំងមានការចូលរួមពីលោកអភិបាលរង នាយករដ្ឋបាលស្តីទី មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅអគាររដ្ឋបាលសាលាស្រុកកែវសីមា។

ការរៀបចំកិច្ចប្រជុំពិភាក្សានេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកកែវសីមា ក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី ជំនឿសាសនា ព្រមទាំងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងការអភិវឌ្ឍមូលដ្ឋានក្នុងខេត្តមណ្ឌលគិរី៕អត្ថបទ ឃិន សុខន








Post a Comment

Previous Post Next Post

Kdaily-news ads