Top News

ថៃយកឯកសណ្ឋានទ័ពខ្មែរសម្ដែងដាក់មីន ផ្សាយថ្ពឹនភ្នែកអន្តរជាតិ÷ សម្ដេចតេជោថាថៃសម្ដែងបានល្អតែខ្វះបច្ចេកទេស!

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថាថៃសម្ដែងរឿងមីនបានល្អតែខ្វះបច្ចេកទេស។ សម្ដេច លើកឡើងលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ នាយប់ថ្ងៃទី៤ ខែធ្នូ បន្ទាប់ពីឃើញបណ្ដាញផ្សព្វផ្សាយរបស់ថៃផ្សាយថា កងទ័ពភូមិភាគ២ថៃថារកឃើញគ្រាប់មីនPMN-2ថ្មី នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយចោទថាកងទ័ពខ្មែរជាអ្នកដាក់។ ក្នុងការផ្សាយ បណ្ដាញផ្សព្វផ្សាយថៃ បានប្រើប្រាស់រូបភាពមនុស្សពីរនាក់ពាក់ឯកសណ្ឋានយោធាកម្ពុជាសម្ដែងដាក់មីន។

សម្ដេច ហ៊ុន សែន បង្រៀនបែបចំអកថៃថា ថ្ងៃក្រោយបើថៃចង់ឱ្យគេជឿថាកម្ពុជាដាក់មីនថ្មី ថៃត្រូវមានអ្នកដឹកនាំរឿងចេះរៀបចំសេណារីយ៉ូឲ្យបានល្អ រើសតួសម្ដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវ ពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីនជាមុនសិន ចាំចេញថ្ពឹនភ្នែកអន្តរជាតិ។

ជាការកត់សម្គាល់ កាលពីពេលកន្លងទៅ ថៃបានយកបញ្ហាទាហានខ្លួនដើរចូលជាន់មីនក្នុងចម្ការមីនក្នុងដីខ្មែរដែលសេសសល់ពីសង្គ្រាមស៊ីវិលចោទប្រកាន់ និងបើកការវាយប្រហារឈ្លានពានដោយខុសច្បាប់មកលើកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ហើយបន្ទាប់ពីមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពថៃនៅតែយកបញ្ហាមីនចោទប្រកាន់កម្ពុជាម្ដងទៀតហើយម្ដងទៀត ជាពិសេសរយៈពេលប៉ុន្មាន៣ថ្ងៃចុងក្រោយ កងទ័ពភូមិភាគ២ថៃ នៅថ្ងៃទី៣ ខែធ្នូ បានផ្សាយថាមានករណីផ្ទុះមីននៅទល់មុខប្រាសាទព្រះវិហារកម្ពុជា និងថ្ងៃទី៤ ថារកឃើញគ្រាប់មីនថ្មី។ ការផ្សាយរបស់ថៃ ជាការស្រង់សម្ដីតែពីកងទ័ពរបស់ខ្លួន ដោយមិនមានការបញ្ជាក់ឬឆ្លងកាត់ការស៊ើបអង្កេត វាយតម្លៃពីអ្នកសង្កេតការណ៍ឯករាជ្យឡើយ។

ក្រសួងការពារជាតិកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែធ្នូ បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជាដែលថាកម្ពុជាដាក់មីនថ្មី និងចាត់ទុកការផ្សាយរបស់កងទ័ពភូមិភាគទី២ថៃ ថាមាន បំណងបំភ័ន្ត ថ្ពឹនភ្នែកសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ក្រសួងការពារជាតិកម្ពុជា ឱ្យថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

ចំណែកអាជ្ញាធរមីនរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ បានឆ្លើយតបក្នុងសេចក្ដីប្រកាសព័ត៌មានដោយចាត់ទុកថា ថៃប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន និងសហគមន៍អន្តរជាតិ ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដ៏ធំធេង ដែលបង្កដោយយោធាថៃមកលើកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមប្រាំថ្ងៃ និងការរំលោភបំពានលើកិច្ចព្រមព្រៀងគួឡាឡាំពួរ និងសេចក្ដីថ្លែងការរួមគ្នា។

កម្ពុជា អះអាងយ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។

ក្រសួងការពារជាតិកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕






Post a Comment

Previous Post Next Post

Kdaily-news ads