(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ហៀង សុភក្រ្ក អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានអញ្ជើញចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តមណ្ឌលគិរី ដោយបង្ហាញពីការដឹកនាំដ៏ច្បាស់លាស់ ភាពម៉ឺងម៉ាត់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់។
ការចុះអធិការកិច្ចនេះ ជាការបញ្ជាក់យ៉ាងច្បាស់ពីតួនាទីស្នូលរបស់ស្ថាប័នអយ្យការ ក្នុងការត្រួតពិនិត្យ ការគោរពច្បាប់ និងការពារសិទ្ធិស្របច្បាប់របស់ជនជាប់ឃុំ ព្រមទាំងធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្រប និងតម្លាភាព ក្នុងដំណើរការអនុវត្តនីតិវិធីព្រហ្មទណ្ឌ។
អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សូមសម្ដែងនូវការកោតសរសើរខ្ពង់ខ្ពស់ និងការគោរពដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម ហួត វុទ្ធី និងឯកឧត្តម ហៀង សុភក្រ្ក ដែលបានដឹកនាំក្រុមការងារដោយវិជ្ជាជីវៈខ្ពស់ ភាពត្រឹមត្រូវ និងការយកចិត្តទុកដាក់លើលទ្ធប្រយោជន៍សាធារណៈ ជាពិសេសការលើកកម្ពស់សេចក្តីយុត្តិធម៌ សេចក្តីថ្លៃថ្នូរនៃច្បាប់ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌ជាតិ។
ជាមួយគ្នានេះដែរ ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី សូមវាយតម្លៃខ្ពស់ចំពោះស្មារតីសហការយ៉ាងល្អ ប្រសិទ្ធភាពការងារ និងការបំពេញភារកិច្ចដោយភាពស្មោះត្រង់ និងមិនធ្វេសប្រហែស របស់ថ្នាក់ដឹកនាំ មន្ត្រីអយ្យការ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអធិបតេយ្យភាពនៃច្បាប់ និងការអនុវត្តយុត្តិធម៌ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។អត្ថបទ ដោយ ឃិន សុខន













Post a Comment