Top News

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បន្តអនុវត្តការងារជួសជុលផ្លូវយ៉ាងសកម្ម ដើម្បីសុវត្ថិភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ!


(មណ្ឌលគិរី)៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលារសៀល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបន្តអនុវត្តការងារជួសជុល និងកែលម្អសភាពផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រសញ្ញា PK108–PK93 ដោយអនុវត្តការងារ បាចកៅស៊ូ និងបាចថ្ម 19 មម និង 12 មម លើផ្លូវដែលមានសភាពចាស់ ទ្រុតទោម និងងាយបង្កហានិភ័យចរាចរណ៍។

ការងារនេះ ដឹកនាំដោយ លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី និងក្រុមការងារបច្ចេកទេស ដែលបានចុះអនុវត្តការងារជាក់ស្តែងនៅលើទីតាំង ដោយគ្មានការរាំងស្ទះ និងគ្មានបញ្ហាប្រឈមណាមួយ បង្ហាញពីការរៀបចំផែនការ ការគ្រប់គ្រង និងការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន។ សកម្មភាពនេះ ជាការបញ្ជាក់យ៉ាងច្បាស់ពី ការយកចិត្តទុកដាក់របស់មន្ទីរ ក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសសៃឈាមសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី។ ការជួសជុលទាន់ពេលវេលា លើកំណាត់ផ្លូវដែលខូចខាត គឺជាវិធានការចាំបាច់ ដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កើនសុវត្ថិភាព និងធានាការធ្វើដំណើរបានរលូនជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់។

ការងាររបស់មន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តដែលធ្វើការងារជាប្រចាំនេះ បានធ្វើឱ្យថ្នាក់ដឹកនាំខេត្តនឹងមហាជនសម្តែង ការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ និងភាពស្មោះត្រង់ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត៕អត្ថបទ ដោយ ឃិនសុខន












Post a Comment

Previous Post Next Post

Kdaily-news ads