(ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃសីល ឯកឧត្តម ងិន សុវិមាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពិនិត្យឡើងវិញនូវតំបន់ដាំស្តារអាទិភាព នៃការស្តារ ព្រៃឈើ និងតំបន់ទេសភាព ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក។
សិក្ខាសាលានេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការអភិរក្សធនធានធម្មជាតិ ការពារប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាទុកព្រៃឈើ និងជីវចម្រុះ សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរង បានថ្លែងណែនាំ និងលើកទឹកចិត្តដល់មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន ឲ្យបន្តពង្រឹងកិច្ចសហការជាដៃគូ ធ្វើការពិភាក្សាបែបបើកចំហ និងផ្តល់មតិយោបល់ប្រកបដោយស្ថាបនា ដើម្បីកំណត់តំបន់ដាំស្តារអាទិភាពឲ្យមានប្រសិទ្ធភាព និងសមស្របគ្នានឹងស្ថានភាពជាក់ស្តែង។
សិក្ខាសាលានេះ មានការចូលរួមពី លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកនាយកកម្មវិធីតំបន់ទេសភាពខ្ពង់រាបភាគខាងកើត លោក លោកស្រីមន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស ព្រមទាំងតំណាងសហគមន៍ជាច្រើនរូប ដែលបង្ហាញពីស្មារតីទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្ម ក្នុងការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិរបស់ខេត្តមណ្ឌលគិរី។
ពិធីនេះ បានប្រព្រឹត្តទៅនៅ សណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី ក្នុងបរិយាកាសសហការល្អ ប្រកបដោយវិជ្ជាជីវៈ និងទទួលបានលទ្ធផលជាវិជ្ជមាន សម្រាប់ជាដំបូន្មានសំខាន់ ក្នុងការអនុវត្តការងារស្តារ និងការពារព្រៃឈើនាពេលបន្តទៅមុខ៕អត្ថបទ ដោយ ឃិន សុខន










Post a Comment