ខេត្តរតនគិរី ៖ ក្រោមការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ និងមនុស្សធម៌ខ្ពស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបន្តបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធចំពោះវីរយុទ្ធជន និងគ្រួសារវីរយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត បានចាត់តំណាងជាផ្លូវការ ដឹកនាំដោយលោក ខាត់ សាម៉ាល់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អមដំណើរដោយក្រុមការងារពាក់ព័ន្ធ ចុះសួរសុខទុក្ខវីរយុទ្ធជន និងគ្រួសារវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ សកម្មភាពនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដោយក្តីអាណិតអាសូរ និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះអ្នកដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្នូរបំផុតសម្រាប់ប្រទេសជាតិ។
ក្នុងឱកាសនោះ តំណាងឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីការយកចិត្តទុកដាក់ជានិច្ចរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន ដែលតែងតែណែនាំឲ្យគ្រប់បណ្តាញកាកបាទក្រហមគ្រប់ថ្នាក់ ផ្តោតអាទិភាពខ្ពស់លើការជួយសម្រាលទុក្ខលំបាកដល់វីរយុទ្ធជន យោធិនរបួស ពិការ និងគ្រួសារវីរយុទ្ធជនជួរមុខ ដោយធានាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ សកម្មភាពចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌នេះ មិនត្រឹមតែជាការជួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តផ្នែកស្មារតីដ៏មានតម្លៃខ្ពស់ បញ្ជាក់ពីការមិនភ្លេចគុណ និងការគោរពដ៏ជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនខ្មែរ ដែលបានប្តេជ្ញាការពារជាតិ និងសុខសន្តិភាពជូនប្រជាជនកម្ពុជា។
សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ បានបន្តលើកកម្ពស់កិត្តិយស និងតួនាទីរបស់កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្រោមការដឹកនាំរបស់ឯកឧត្តម ញ៉ែម សំអឿន ដែលតែងតែដាក់ប្រជាពលរដ្ឋ និងវីរយុទ្ធជនជាមូលដ្ឋានស្នូល នៃគោលនយោបាយបម្រើសង្គម និងការអភិវឌ្ឍប្រកបដោយមនុស្សធម៌៕អត្ថបទ ដោយ ឃិន សុខន

















Post a Comment