Top News

ការដឹកនាំរបស់លោក រស់ គឹមធន ជាការប្រកបដោយទំនួលខុសត្រូវខ្ពស់ លើការថែទាំផ្លូវជាតិលេខ ៧៦!


(មណ្ឌលគិរី)៖ ផ្លូវជាតិលេខ ៧៦ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ច ការធ្វើដំណើរ និងជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីបានអភិវឌ្ឍប្រើប្រាស់អស់រយៈពេលយូរឆ្នាំមកហើយ បច្ចុប្បន្នកំពុងប្រឈមនឹងការទ្រុតទ្រោមខូចខាតនៅចំណុចមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់យ៉ាងខ្ពស់ និងទាន់ពេលវេលា។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានចុះពិនិត្យ វាស់វែង និងវាយតម្លៃស្ថានភាពតួផ្លូវជាក់ស្តែង លើបញ្ហាស្រុតប៉ោង ស្រុតបែក ស្រកានាគ និងសំបុកមាន់ ដែលបានកើតឡើងឡើងវិញ នៅចន្លោះ PK115+000 ដល់ PK118+000 ដើម្បីរៀបចំបញ្ចូលក្នុងគម្រោងជួសជុលរីសៀល ឆ្នាំ២០២៦ ប្រកបដោយភាពម៉ត់ចត់តាមលក្ខណៈបច្ចេកទេស។

សកម្មភាពនេះ គឺជាការបង្ហាញយ៉ាងច្បាស់នៃ ការដឹកនាំប្រកបដោយចក្ខុវិស័យ វិន័យ និងទំនួលខុសត្រូវខ្ពស់ របស់លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលតែងតែយកចិត្តទុកដាក់ដល់គុណភាពការងារ មិនមើលរំលងបញ្ហាបច្ចេកទេស និងមិនទុកឲ្យការខូចខាតតូចធំ ក្លាយជាហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋ។

ការចុះពិនិត្យដោយផ្ទាល់ និងការបញ្ជូនក្រុមការងារជំនាញចុះធ្វើការវាស់វែងលម្អិតនេះ បញ្ជាក់ឲ្យឃើញថា ការជួសជុលផ្លូវ មិនមែនគ្រាន់តែ “ធ្វើឲ្យហើយ” ប៉ុន្តែជាការងារដែលត្រូវធ្វើ ឲ្យបានត្រឹមត្រូវ មានគុណភាព និងមានចីរភាពយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍សាធារណៈជាអាទិភាព។

ការយកចិត្តទុកដាក់ខ្ពស់លើផ្លូវជាតិលេខ ៧៦ នេះ មិនត្រឹមតែបង្ហាញពីសមត្ថភាព និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងពីបេះដូងអ្នកបម្រើរាជការដែលយល់ច្បាស់ថា ផ្លូវល្អ គឺជាសុវត្ថិភាព ជាជីវភាព និងជាការអភិវឌ្ឍរយៈពេលវែងរបស់ប្រជាពលរដ្ឋ៕អត្ថបទ ដោយ ឃិន សុខន














Post a Comment

Previous Post Next Post

Kdaily-news ads