(មណ្ឌលគិរី)៖ សំណួរធំចំពោះភាពអាងអំណាច និងការមិនគោរពច្បាប់រដ្ឋ ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ការពារធម្មជាតិ ការរៀបចំដឹកជញ្ជូនឈើអារ និងឈើមូល ពីស្នាក់ការតាមតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ទៅកាន់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយអះអាងថា «សម្រាប់ប្រយោជន៍សាធារណៈ» កំពុងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់មន្ត្រីជុំវិញខេត្ត និងមតិសាធារណៈយ៉ាងទូលំទូលាយ។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានកោះហៅកិច្ចប្រជុំបន្ទាន់ ដឹកនាំដោយ លោក លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្ត បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានរាល់ថ្ងៃ និងការសង្ស័យយ៉ាងធ្ងន់ធ្ងរ អំពីនីតិវិធីច្បាប់ ក្នុងការអនុញ្ញាតឲ្យដឹកជញ្ជូនឈើចេញពីតំបន់ការពារធម្មជាតិ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទោះបីមានការអះអាងថា មានសេចក្តីជូនដំណឹងពីថ្នាក់ក្រសួងក៏ដោយ ក៏មិនអាចជំនួសលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ជាក់លាក់ និងច្បាស់លាស់ បានឡើយ។ ការអនុវត្តដោយខ្វះលិខិតច្បាប់ពិសេស បង្កហានិភ័យខ្ពស់ក្នុងការបើកចំហឱ្យក្រុមឈ្មួញ ឬបណ្តាញលាក់ខ្លួន យកឈើធម្មជាតិធ្វើជាឧបាយបន្លំក្រោមស្លាក «ប្រយោជន៍សាធារណៈ»។
អ្វីដែលគួរឲ្យព្រួយបារម្ភបន្ថែមទៀត គឺការដឹកជញ្ជូនឈើមួយចំនួន (ប្រមាណ ៤–៥ រថយន្ត) ត្រូវបានអនុវត្តរួចទៅហើយ ដោយគ្មានការបញ្ជាក់ច្បាស់ពីដំណើរការច្បាប់ និងការទទួលខុសត្រូវ។ ករណីនេះបង្ហាញពីសភាពការណ៍អាងអំណាច ធ្វើការតែឯកឯង មិនគោរពតួនាទីរដ្ឋបាលថ្នាក់ខេត្ត និងមិនឆ្លងកាត់ការឯកភាពពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ។
ក្រោយពីមានការចេញផ្សាយរបស់សារព័ត៌មាន រាល់ថ្ងៃនិងសម្ពាធសាធារណៈ កិច្ចប្រជុំបន្ទាន់បានសម្រេចមិនឯកភាពឲ្យបន្តការដឹកជញ្ជូនទៀតឡើយ រហូតដល់មានលិខិតច្បាប់ត្រឹមត្រូវ និងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីអង្គភាពពាក់ព័ន្ធទាំងអស់ នេះបើយោងតាមប្រភពក្នុងកិច្ចប្រជុំ។ ករណីនេះជាសារព្រមានយ៉ាងច្បាស់ថា មន្ត្រីណាក៏ដោយ មិនអាចយកអំណាចតួនាទី មករំលោភច្បាប់រដ្ឋ ឬមើលរំលងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបានឡើយ ជាពិសេសពាក់ព័ន្ធនឹងធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់ជាតិ។
ការធ្វើអ្វីដោយខ្វះតម្លាភាព និងគ្មានការទទួលខុសត្រូវ មិនត្រឹមតែប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញគោលការណ៍នៃនីតិរដ្ឋផងដែរ៕អត្ថបទ ឃិន សុខន












Post a Comment