ឯកឧត្ដម ប៉ែន បូណា ថ្លែងថា យុទ្ធសាស្រ្ដរបស់ថៃ ដោយសង្គ្រាមប្រដាប់អាវុធ និងសង្រ្គាមចិត្តសាស្ត្រក្នុងការឈ្លានពានទឹកដីកម្ពុជា ដើម្បីឈានទៅសម្រេចមហិច្ឆតានៃការឈ្លានពាន។
ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន មានប្រសាសន៍ថា លើសពីសង្គ្រាមប្រដាប់អាវុធក្នុងការឈ្លានពានទឹកដីកម្ពុជាហើយនោះ ថៃក៏កំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម ដើម្បីបំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋកម្ពុជា ហើយមានចរឹកញុះញង់ បំបែកបំបាក់ស្មារតីភាពរវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។
ឯកឧត្ដមបានបញ្ជាក់ថា ថៃយល់ឃើញថា ការបំបែកបំបាក់នេះ គឺជាចំណុចខ្សោយរបស់យើង។ ក្នុងសង្គ្រាមចិត្តសាស្ត្រនេះ សត្រូវឈ្លានពានរបស់យើង គឺប្រើប្រាស់វិធីសាស្ត្រច្រើនយ៉ាង។ ក្នុងនោះ ថៃបានប្រើប្រាស់បណ្តាញសង្គមដោយបានបង្កើតគណនីក្លែងក្លាយច្រើនណាស់ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែគោលដៅបម្រើផលប្រយោជន៍ប្រទេសឈ្លានពាន។ ជាមួយគ្នានេះ ឯកឧត្ដម ប៉ែន បូណា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងធ្លាក់ក្នុងអន្ទាក់សត្រូវ៕



Post a Comment