(មណ្ឌលគិរី)៖ ចាប់ពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រហូតទៅ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងបរិបទស្ថានការណ៍តានតឹងនៅតំបន់ព្រំដែនដែលកើតឡើងដោយសារការបំពានទឹកដី និងសកម្មភាពប្រឈម ឈ្លានពានរបស់ភាគីថៃ ខេត្តមណ្ឌលគិរីបានអនុវត្តវិធានការបន្ទាន់ ដោយធ្វើការរៀបចំ មូលដ្ឋានទទួលជំនួយផ្លូវការ សម្រាប់ប្រមូលគ្រឿងឧបភោគ–បរិភោគ និងសម្ភារសម្រាប់គាំទ្រវីរកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា និង ជនភៀសសឹក ដែលបានមកនៅកន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន គេចចេញពីតំបន់ប្រឈមដោយសារខ្យល់សង្គ្រាម។
រដ្ឋបាលខេត្ត បានកំណត់ តំបន់ទទួលជំនួយចំនួន ២ ចំណុច ដូចតទៅ៖
.តំបន់ទី១៖ ក្បែររង្វង់មូល គោព្រៃ .តំបន់ទី២៖ បរិវេណសាលាខេត្តមណ្ឌលគិរី
ជំនួយទាំងឡាយដែលត្រូវបានប្រមូលសុំបម្រុងប្រើប្រាស់ជាចាំបាច់សម្រាប់គាំទ្រកងទ័ពនៅខាងមុខ និងជួយសង្គ្រោះជនរងគ្រោះតាមបែបមនុស្សធម៌។ រដ្ឋបាលខេត្តសូមលើកឡើងយ៉ាងច្បាស់ថា ការចូលរួមរបស់សប្បុរសជនគ្រប់រូប ជាផ្នែកមួយនៃក្តីពេញចិត្តនៅក្នុងការបំពេញកាតព្វកិច្ចការពារជាតិ និងសន្តិសុខសាធារណៈ។
រដ្ឋបាលខេត្តមណ្ឌលគិរី សូមគោរពអំពាវនាវដល់គ្រប់ស្ថាប័ន ក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ សូមបន្តបង្ហាញស្មារតីសាមគ្គីជាតិបង្ហាញទំនួលខុសត្រូវសង្គមហើយ រួមចែកចាយមិត្តភាពជាតិ ដើម្បីគាំទ្រវីរកងទ័ព និងជនរងគ្រោះក្នុងពេលដែលជាតិកំពុងត្រូវការ។រដ្ឋបាលខេត្តមណ្ឌលគិរីសូមថ្លែងអំណរគុណជូនសប្បុរសជនគ្រប់រូប ដែលបាននិងកំពុងរួមចំណែកក្នុងការការពារទឹកដី ជាតិជាមួយខេត្ត៕ដោយ ឃិន សុខន













Post a Comment