(ខេត្តក្រចេះ)៖ បទល្មើសកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ មិនមែនជារឿងថ្មី ឬកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែជារឿងដដែលៗ កើតឡើងជាប្រព័ន្ធ និងបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយគ្មានសញ្ញាថានឹងបញ្ឈប់បាន បើទោះបីជាមានមន្ត្រីបរិស្ថានប្រចាំការនៅក្នុងតំបន់នោះស្អេកស្កះក៏ដោយ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ រថយន្តដឹកឈើខុសច្បាប់បានដឹកឈើចេញពីចំណុចត្រពាំងសង្កែ ក្បែរស្នាក់ការបរិស្ថានត្រពាំងសង្កែ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ធ្វើដំណើរឆ្ពោះទៅខេត្តកំពង់ចាម។ ករណីនេះ មិនត្រូវបានបង្ក្រាបដោយមន្ត្រីបរិស្ថានឡើយ ប៉ុន្តែត្រូវបានអ្នកសារព័ត៌មានដេញតាម តាមដានរហូត រាយការណ៍បណ្តើរ ខលប្ដឹងទៅកម្លាំងបរិស្ថានក្រសួង ទើបអាចចាប់បានរថយន្តមួយគ្រឿង ខណៈមួយគ្រឿងទៀតរត់គេចខ្លួនរួច។
សុំសួរត្រង់តើផ្លូវច្បាប់ការទប់ស្កាត់មានឬទេ? :-
- បើគ្មានអ្នកសារព័ត៌មាន បទល្មើសនេះនឹងរត់រួចដូចរាល់ដងដដែលមែនទេ?
- តើមន្ត្រីបរិស្ថានប្រចាំស្នាក់ការ មានតួនាទីការពារព្រៃ ឬគ្រាន់តែអង្គុយចាំពេលរថយន្តដឹកឈើឆ្លងកាត់?
យោងតាម ច្បាប់ព្រៃឈើ និង ច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ មន្ត្រីមានសមត្ថកិច្ច មានកាតព្វកិច្ចច្បាស់លាស់ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើស។ ការមិនអនុវត្តតួនាទី ឬការធ្វើមើលមិនឃើញ បើមានភស្តុតាងបញ្ជាក់ អាចត្រូវចាត់ទុកថា៖
ជា ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី
ឬជា ការជួយសម្របសម្រួលឲ្យបទល្មើសប្រព្រឹត្តទៅបាន
ដែលជាបទល្មើសផ្លូវច្បាប់ មិនមែនត្រឹមបញ្ហាសីលធម៌នោះទេ។
ជាពិសេស សំនួរនេះត្រូវបានចោទទៅកាន់ លោក សាំង សាខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់ ថា៖ តើលោកបានបំពេញកាតព្វកិច្ចតាមច្បាប់ព្រៃឈើដែរឬទេ?
-ហេតុអ្វីបានជាបទល្មើសដឹកឈើអាចចេញចូលក្បែរស្នាក់ការបរិស្ថានបានយ៉ាងងាយស្រួល?
- ការរក្សាតំណែងបានយូរឆ្នាំ មកជាមួយនឹងសមិទ្ធផលការពារព្រៃ ឬមកជាមួយការមើលរំលងបទល្មើស?
អង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមអំពាវនាវដល់
- ក្រសួងបរិស្ថាន
- អង្គភាពប្រឆាំងអំពើពុករលួយ
- ស្ថាប័នត្រួតពិនិត្យ និងអយ្យការអមសាលាដំបូង
ឱ្យ បើកការស៊ើបអង្កេតផ្លូវច្បាប់ដោយឯករាជ្យ ចំពោះករណីបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតួនាទីរបស់មន្ត្រីពាក់ព័ន្ធទាំងអស់ ដោយមិនគួរឲ្យមាននរណាម្នាក់ឈរលើច្បាប់ ឬលាក់ខ្លួនក្រោមឈ្មោះ “អាជ្ញាធរ” បានឡើយ។ ព្រៃឡង់ គឺជាសម្បត្តិសាធារណៈ
មិនមែនជាទ្រព្យឯកជន ច្បាប់ ត្រូវអនុវត្តលើមនុស្សគ្រប់រូប មិនមែនអនុវត្តតែពេលមានអ្នកសារព័ត៌មានប្ដឹងទើបបង្ក្រាបនោះទេ? ៕អត្ថបទ ដោយ ឃិន សុខន







Post a Comment