កណ្តាល៖ កូនប្រុសដែលជាជនសង្ស័យយកកន្ត្រៃចាក់ឪពុកខ្លួនឯងអោយរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ត្រូវបានម្តាយសម្រេចដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនអនុវត្តន៏ទោសតាមផ្លូវច្បាប់ ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី០៤ខែមករាឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែកហូរកើត(១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយនៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២៦ ។
ប្រភពពីសមត្ថកិច្ចមូលដ្ធានបានប្រាប់អោយដឹងថា÷ ជនរងគ្រោះ(ត្រូវជាឳពុកបង្កើត) មានឈ្មោះ អ៊ូ សុវណ្ណ អាយុ៦៧ឆ្នាំជនជាតិខ្មែរ មុខរបរ នៅផ្ទះ រងរបួសស្នាមត្រង់ក្បាលពោះមុតជ្រៅ ចំនួន០២កន្លែង(ខាងឆ្វេងនិងខាងស្តាំ) រងរបួសត្រង់ភ្លៅខាងឆ្វេងនិងត្រូវកូនដៃខាងស្តាំ០១កន្លែង ។ ចំនែកជនសង្ស័យ (ជាកូនប្រុសបង្កើត)មានឈ្មោះ អ៊ូ លឹមហុង អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានស្នាមរបួសរយៈត្រង់ចង្អុលដៃខាងស្តាំ០១កន្លែង, និងស្ត្រីជាដើមបណ្តឹង (ត្រូវជាម្តាយ និងជាប្រពន្ធជនរងគ្រោះ) មានឈ្មោះ ភឿក សែម ដែលអ្នកទាំងបី រស់នៅជាក្រុមគ្រួសារជាមួយគ្នា ក្នុងភូមិសង្កាត់កើតហេតុ ។
វត្ថុតាងចាប់យក ៖ កន្ត្រៃដងជ័រ ពណ៌ខៀវ០១ (របស់ជនសង្ស័យ) ,កំណាត់ឈើជ្រុង០១កំណាត់ (របស់ជនរងគ្រោះ) ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា÷ នៅវេលាកើតហេតុ ឳពុក(ជនរងគ្រោះ)បានឃើញកូនប្រុស(ជនសង្ស័យ)ស្រែកជេរឈ្លោះគ្នាជាមួយអ្នកជិតខាង ដោយនៅនឹងដៃមានកាន់កន្ត្រៃផងនោះ ទើបជនរងគ្រោះជាឳពុក បានដើរទៅឃាត់ជនសង្ស័យអោយចូលផ្ទះព្រោះឃើញជនសង្ស័យមានសភាពស្រវឹងស្រាខ្លាំង ភ្លាមនោះបែជាជនសង្ស័យ បានយកកន្ត្រៃកាន់នៅនិងដៃ ចាក់ទៅលើជនរងគ្រោះ(ជាឳពុក) បណ្តាលអោយមានរបួសស្នាម បន្ទាប់មកជនរងគ្រោះ ដើម្បីការពារខ្លួន ក៏ទាញបានកំណាត់ឈើជ្រុងមកវាយជនសង្ស័យត្រូវចំចង្អុលដៃខាងស្តាំ០១កន្លែង ហើយត្រូវបានអ្នកជិតខាងជួយចាប់បំបែកចេញពីគ្នា និងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
លុះព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ទើបស្ត្រីជាម្តាយនិងជា ប្រពន្ធជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកហូរ អោយឃាត់ខ្លួនកូនប្រុស អនុវត្តន៏តាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនពិតជាបានប្រើអំពើហិង្សា យកកន្ត្រៃចាក់ជនរងគ្រោះ ជាឳពុក បណ្តាលអោយរងរបួស រយះចេញឈាម ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕







Post a Comment