(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលរង នៃគណៈអភិបាលស្រុកកែវសីមា។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន–អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប ហើយបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ បានប្រកាសផ្ទេរភារកិច្ច លោក យ៉ុង តារា អតីតអភិបាលរងស្រុកអូររាំង មកបំពេញភារកិច្ចជា អភិបាលរង នៃគណៈអភិបាលស្រុកកែវសីមា។ ជាមួយគ្នានេះ តំណាងថ្នាក់ដឹកនាំខេត្តបានស្នើឲ្យអភិបាលរងថ្មី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្តការងារដែលកំពុងដំណើរការ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាក់ស្តែង។
លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្តបានដាស់ទឿនយ៉ាងតឹងរឹងអំពី វិន័យមន្ត្រីរាជការ ដោយបញ្ជាក់ថា តួនាទី និងអំណាច ត្រូវប្រើសម្រាប់បម្រើប្រជាពលរដ្ឋ មិនមែនសម្រាប់ភាពធូរធារ ឬការងារបែបធ្វើម៉ាៗ រង់ចាំតែថ្ងៃខែបើកប្រាក់បៀវត្សនោះឡើយ។ មន្ត្រីណាមិនបំពេញភារកិច្ចឲ្យសកម្ម ធ្វេសប្រហែស ឬមិនឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ នឹងត្រូវទទួលការត្រួតពិនិត្យ និងវាយតម្លៃតាមវិន័យរដ្ឋបាល។ ថ្នាក់ដឹកនាំខេត្តក៏បានលើកឡើងផងដែរថា ការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នឹងត្រូវ វាស់វែងដោយលទ្ធផលការងារពិតប្រាកដ មិនមែនដោយរបាយការណ៍លើកសរសើរខ្លួនឯង ឬសម្តីសន្យាដែលគ្មានសកម្មភាពនោះទេ។ កន្លែងណាបម្រើប្រជាពលរដ្ឋបានល្អ ត្រូវបន្តលើកកម្ពស់ កន្លែងណាធ្វើមិនបាន ត្រូវកែសម្រួល និងទទួលខុសត្រូវចំពោះមុខច្បាប់ និងស្ថាប័នជាន់លើ។ ពិធីនេះ ត្រូវបានចាត់ទុកថា ជាឱកាសមួយសម្រាប់រំលឹក និងពង្រឹងស្មារតីមន្ត្រីរាជការទាំងអស់ ឲ្យយល់ច្បាស់ថា ប្រាក់ខែជាសិទ្ធិ ប៉ុន្តែការបម្រើប្រជាពលរដ្ឋជាកាតព្វកិច្ច ដែលមិនអាចមើលរំលងបានឡើយ៕ ដោយ ឃិន សុខន







Post a Comment