(ស្វាយរៀង)៖ ករណីរថយន្តខ្នាតយក្សប្រភេទ វ៉េអ៉ងចំនួន ៣ គ្រឿង ដឹកឈើធំៗមហាសាល មកទម្លាក់ និងសាងដាក់លើគោយន្តកែច្នៃ នៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានក្លាយជាប្រធានបទក្តៅ ដែលមហាជន និងអង្គភាពសារព័ត៌មាន មិនអាចមើលរំលងបានឡើយ។ សកម្មភាពដឹកជញ្ជូនឈើខ្នាតធំបែបនេះ មិនត្រឹមតែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បើកសំណួរធំៗជាច្រើន ទៅលើស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់មានការបំភ្លឺជាផ្លូវការណាមួយនៅឡើយ។ សំណួរទី១ ទៅស្ថាប័នមេព្រៃ
បើឈើទាំងនេះ “មានច្បាប់ត្រឹមត្រូវ” ដូចការអះអាងរបស់តៃកុងរថយន្ត តើលិខិតអនុញ្ញាតដឹកជញ្ជូន បានបញ្ជាក់ច្បាស់លាស់ដែរឬទេថា អាចយកឈើមក សាង កែច្នៃ ឬបំបែកទ្រង់ទ្រាយ នៅតំបន់ជិតព្រំដែន...?
ឬក៏ជាលិខិតអនុញ្ញាតដឹកជញ្ជូនធម្មតា ដែល មិនអនុញ្ញាតឲ្យមានការបម្លែងសភាពឈើនៅចំកណ្តាលខ្សែដឹកជញ្ជូន ដូចដែលបានឃើញជាក់ស្តែង.....?
សំណួរទី២ ទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ
តាមនីតិវិធីផ្លូវច្បាប់ ការនាំឈើឆ្លងដែន
– ត្រូវបង់ពន្ធត្រឹមត្រូវ
– ត្រូវឆ្លងកាត់ការត្រួតពិនិត្យនៅ «ច្រកទ្វារគយ»
– ត្រូវដឹកជញ្ជូនតាមយានយន្តដែលបានចុះបញ្ជី និងអនុញ្ញាតជាក់លាក់ មិនមែនយកឈើមកសាងលើគោយន្តកែច្នៃជាមុនឡើយ។
ដូច្នេះ សំណួរដែលមហាជនកំពុងចង់បានចម្លើយនោះគឺ:-
– តើស្ថាប័នគយបានដឹងឬទេ អំពីសកម្មភាពសាងឈើលើគោយន្តកែច្នៃបែបនេះ?
– បើបានដឹង ហេតុអ្វីមិនមានវិធានការទប់ស្កាត់?
– បើមិនបានដឹង តើការត្រួតពិនិត្យខ្សែដឹកជញ្ជូន និងការសហការរវាងស្ថាប័នពាក់ព័ន្ធ នៅទីណា?
សំណួរទី៣ ទៅអាជ្ញាធរច្រកព្រំដែន មហាជនស្គាល់ច្បាស់ថា ក្នុងករណីឈើជាច្រើនកន្លងមក
សកម្មភាព “សាងដាក់គោយន្ត” តែងតែជាជំហានដំបូង មុននឹងមានការនាំឈើឆ្លងដែនដោយមធ្យោបាយមិនប្រក្រតី។
– តើអាជ្ញាធរច្រកព្រំដែន មានបញ្ជី ឬព័ត៌មានជាមុន អំពីការត្រៀមនាំឈើបរិមាណធំៗទាំងនេះដែរឬទេ?
– ឬកំពុងរង់ចាំឲ្យឈើត្រូវបាន “បម្លែងរូបរាង” សិន ទើបអនុញ្ញាតឲ្យឆ្លងដែន?
មហាជនសូមបញ្ជាក់ចំៗថា
– បើជាឈើស្របច្បាប់ សូមបង្ហាញឯកសារច្បាប់ឲ្យបានច្បាស់លាស់
– បើជាឈើត្រៀមនាំចេញ សូមអនុវត្តតាមនីតិវិធីគយ មិនមែនតាមផ្លូវរបៀង
ក្នុងន័យនេះ សូមគោរពអំពាវនាវដល់
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំង ស្ថាប័នមេព្រៃ គយ និងអាជ្ញាធរច្រកព្រំដែនពាក់ព័ន្ធ
មេត្តាចុះពិនិត្យស្រាវជ្រាវ បង្ហាញការពិត និងអនុវត្តច្បាប់ឲ្យបានតឹងរឹង និងស្មើភាព។
ព្រោះសម័យនេះ មហាជនគោរព និងជឿជាក់លើច្បាប់ ប៉ុន្តែព្រួយបារម្ភចំពោះ ការអនុវត្តច្បាប់មិនស្មើគ្នា ហើយការស្ងៀមស្ងាត់ គឺជាចម្លើយមួយ ដែលអាចធ្វើឲ្យការរិះគន់កាន់តែខ្លាំងឡើង៕ដោយ ឃិន សុខន







Post a Comment