Top News

អភិបាលខេត្តតាកែវ បញ្ជាឲ្យស្រាវជ្រាវករណីចោទប្រកាន់មន្ត្រីនគរបាលប៉ុស្ដិ៍ព្រះបាទជាន់ជុំធ្វើទារុណកម្មលេីជនសង្ស័យម្នាក់រហូតបាត់បង់ជីវិត.!

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកគិរីវង់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះស្រាវជ្រាវករណីចោទប្រកាន់ពីការធ្វើទារុណកម្មលើជនសង្ស័យម្នាក់ពីសំណាក់មន្ត្រីនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ លើជនសង្ស័យម្នាក់រហូតបាត់បង់ជីវិត។ លោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវចុះស្រាវជ្រាវ និងតាមដានករណីនេះឲ្យបានដិតដល់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់។

ការចេញបញ្ជានេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋរាយការណ៍ពីករណីបុរសជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ និងវាយបណ្ដាលឲ្យរងរបួសក្រោមការចោទប្រកាន់ថា បានប៉ុនប៉ងរំលោភកូនស្រីរបស់អ្នកស្រុក និងត្រូវបានបញ្ជូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ហើយក៏ត្រូវបានមន្ត្រីនគរបាលប៉ុស្ដិ៍ធ្វើទារុណ ប្រើហិង្សាបន្ថែមទៀតដើម្បីសួរចម្លើយរហូតដាច់ខ្យល់ស្លាប់ពេលបញ្ជូនមកផ្ទះវិញ។

លោក វ៉ី សំណាង សង្កត់ធ្ងន់ថា ករណីនេះត្រូវស្រាវជ្រាវឲ្យដល់ឬសគល់ មិនត្រូវអនុញ្ញាតឲ្យបុគ្គលណាធ្វើអំពើហិង្សានោះទេព្រោះនេះជាអំពើខុសច្បាប់ ដែលនាំឲ្យស្រុកគ្មានច្បាប់គ្មានទម្លាប់។ លោកអភិបាលខេត្តតាកែវ ក៏បញ្ជាឲ្យនាយប៉ុស្ដិ៍នគរបាករដ្ឋបាលព្រះបាទជាន់ជុំ ត្រូវធ្វើរបាយការណ៍ឲ្យបានត្រឹមត្រូវរាយការណ៍ទៅគណបញ្ជាការឯកភាពស្រុកតាមឋាណានុក្រម។

សូមជម្រាបថា តាមរយៈគណនីតេឡេក្រាមឈ្មោះ Si Na ដោយស្រង់យកប្រភពពីបងស្រីជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសរបស់គាត់(ជនសង្ស័យ) បានទៅដល់ភូមិព្រះបាទជាន់ជុំ ឃុំព្រះបាទជាន់ជុំ ហើយត្រូវបានគេចោទប្រកាន់ថា ចូលទៅរំលោភកូនស្រីរបស់អ្នកស្រុក ទើបធ្វើឲ្យប្រជាពលរដ្ឋចាប់បាន និងព្រួតគ្នាវាយបណ្ដាលឲ្យរងរបួស និងចាប់ចងដៃចងជើងបញ្ជូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីអនុវត្តនិតិវិធី។ តាមប្រភពដដែល នៅពេលជនសង្ស័យត្រូវបញ្ជូនមកដល់ប៉ុស្ដិ៍នគរបាល ជនសង្ស័យនៅមិនទាន់មានបញ្ហានោះទេ ហើយក៏បានលឺពីការវាយធ្វើទារុណកម្មពីសំណាក់មន្ត្រីនគរបាលប៉ុស្ដិ៍ ដែលបង្កជារបួសស្នាមជាំពេញខ្លួន និងត្រូវស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនមកដល់ផ្ទះវិញ។

ជុំវិញករណីនេះ សាច់ញាតិជនរងគ្រោះដែលមានទីលំនៅនៅភូមិអានខ្មៅ ឃុំកំពែង ស្រុកគិរីវង់ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង៕





Post a Comment

Previous Post Next Post

Kdaily-news ads